ទូតអាឡឺម៉ងសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើការងារអភិរក្សបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ

0

សៀមរាប៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ingo Karsten

img_20161202_124405 ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានជជែកគ្នាច្រើនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងសហការគ្នា រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នអាឡឺម៉ង់ ដែលកំពុងដំណើរការក្នុងរមណីយដ្ឋានអង្គរ។
មានប្រសាសន៍ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានលើកឡើងពីការងារជាច្រើន ដែលជាកិច្ចសហប្រតិបត្តិការរវាងភាគីអាជ្ញាធរជាតិអប្សរា និងភាគីអាឡឺម៉ង។ ក្នុងចំណោមការងារទាំងនោះ គឺគម្រោងកម្មវិធីអភិរក្សថ្ម ដែលជាការងារទទួលបានជោគជ័យខ្លាំងបំផុត ហើយត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ជាពិសេសគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor)។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ ក៏បានកោតសរសើរចំពោះកម្មវិធីអភិរក្សថ្មនេះដែរ ដោយកម្មវិធីនេះបានជួយ បណ្តុះបណ្តាលអ្នកជំនាញខ្មែរជាច្រើន ជាពិសេសបានផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់អ្នកជំនាញខ្មែរ ដើម្បីអនុវត្តការងារឲ្យកាន់តែមានប្រសិទិ្ធភាពខ្ពស់លើជំនាញអភិរក្សថ្មប្រាសាទនេះ។
ជុំវិញការងារអភិរក្ស និងជួសជុលប្រាសាទនេះដែរ ឯកឧត្តមអគ្គនាយក ក៏បានស្នើទៅភាគីអាឡឺម៉ង់ ជួយជំរុញធ្វើយ៉ាងណាឲ្យបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗទៀតលើសពីការងារដែលកំពុងមានសព្វថ្ងៃ ជាពិសេស ការពង្រឹងសមត្ថភាពរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ព្រោះសព្វថ្ងៃអាជ្ញាធរជាតិអប្សរាបានផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សជាសំខាន់ ហើយទាំងបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរផងដែរ។ លើសពីនេះទៅទៀត ឯកឧត្តមអគ្គនាយកក៏បានស្នើសុំដល់ភាគីអាឡឺម៉ង់ ជួយ ផ្តល់អ្នកជំនាញការបច្ចេកទេសដើម្បីជួយលើការងារបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការងារអភិរក្ស ជួសជុលប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
ឆ្លើយតបនឹងសំណើរនេះ ឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ បានសម្តែងអារម្មណ៍សប្បាយរីករាយ ចំពោះលទ្ធផលដ៏ប្រសើរដែលកើតចេញពីកិច្ចសហប្រតិបត្តិការនានានៅរមណីយដ្ឋានអង្គរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងការពេញចិត្ត និងគាំទ្ររាល់សំណូមពរ និងគំនិតផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា ហើយឯកឧត្តមបានសន្យាថា នឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការថ្មីៗបន្តទៀត។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ប្រទេសអាឡឺម៉ង់បានចូលរួមការងារអភិរក្ស និងជួសជុលក្នុងតំបន់រមណីយដ្ឋានអង្គរជាង២០ឆ្នាំមកហើយ ហើយកិច្ចសហប្រតិបត្តិការលើការងាអភិរក្សបេតិកភណ្ឌជាការងារដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងអាឡឺម៉ង់។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានទទួលយកការអញ្ជើញរបស់ឯកឧត្តមអគ្គនាយក ដើម្បីមកចូលរួមកិច្ចប្រជុំ ICC-Angkor នាពេលខាងមុខ។
ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយឯកឧត្តម ក៏បានជំរុញឲ្យមានការរៀបចំផ្លាស់ប្តូរវគ្គបណ្តុះបណ្តាលនិសិ្សតកម្ពុជា-អាឡឺម៉ង់ ជាពិសេសផ្តល់ឱកាសដល់និស្សិតអាឡឺម៉ង់ ក្នុងការមកធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់ពីការងារអភិរក្សបេតិកភណ្ឌ សំដៅធ្វើយ៉ាងណាឲ្យយុវជនកាន់តែស្រឡាញ់និងចូលរួមយ៉ាងសកម្មលើការងារនេះ៕

img_20161202_124359img_20161202_124402img_20161202_124353