ខេង ឧត្តម
សៀមរាប៖ អគារសិក្សាសាងសង់ថ្មី ១ខ្នង មាន ៥បន្ទប់ នៅអនុវិទ្យាល័យ កែវពណ៌ ឃុំកែវពណ៌ ក្នុងស្រុកពួក ខេត្តសៀមរាប ដែលជាអំណោយ របស់ រដ្ឋាភិបាលជប៉ុន បាន
ដាក់សម្ភោធ ឱ្យប្រើ ប្រាស់ ជាផ្លូវការ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោម អធិបតីភាព របស់ឯកឧត្តម អ្នក ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប និងលោក ហូរី នូជិ អ៊ីជេអ៊ីសា (H.E HORI NOUCHI HIDEHISA) ឯកអគ្គរាជទូតជប៉ុន និងមន្ត្រីជាន់ខ្ពស់ ស្ថានទូត ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ព្រះតេជ្ជគុណ ស៊ីកាដា មីណេអូ (Ven. TSUKADA MUYNEO) នៃព្រះវិហារ ស្យូហ្វ៊ូគូយិ ជប៉ុន, លោកព្រឹទ្ធាចារ្យ យ៉ាណូ តេស៊ូរ៉ូ (YANO TETSURO) និងជាអតិតអនុរដ្ឋមន្ត្រី ក្រសួងការ បរទេសជប៉ុន រួមនិងប្រតិភូ អ៊ូស៊ូណូមីញ៉ា រ៉ូតារីក្លឹបជប៉ុន និងដោយមានការ ចូលរួមពីព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ផងដែរ ។
លោក ហូរី នូជិ អ៊ីជេអ៊ីសា ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា ការអប់រំ ពិតជាមាន សារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍ ប្រទេសកម្ពុជា ។ ហើយរដ្ឋាភិបាល នៃប្រទេសជប៉ុន បានចូលរួម គាំទ្រគម្រោង អភិវឌ្ឍនានា របស់ប្រទេសកម្ពុជា ក្នុងនោះក៏មាន គម្រោងសាងសង់ សាលារៀនផងដែរ ។ ហើយគម្រោងនេះ គឺជាគម្រោង សាងសង់ អគារសិក្សាទី ២ហើយ នៅក្នុង ខេត្តសៀមរាប គឺមានអគារសិក្សា ១ខ្នង មាន ៥បន្ទប់ និងមានបំពាក់នូវ គ្រឿងសង្ហារឹម មានតុ កៅអី ក្ដារខៀន ហើយក៏បាន សាងសង់បន្ទប់ទឹក ២បន្ទប់ផងដែរ ។ នេះជាការបំពេញនូវ សេចក្ដីត្រូវការ សម្រាប់ការសិក្សា របស់សិស្សានុសិស្ស ចំនួន ២៣៣នាក់ ប្រកបដោយ សុវត្ថិភាព និងផាសុខភាព។ លោកមានសង្ឃឹមថា អគារសិក្សានេះ នឹងត្រូវបានថែទាំយ៉ាងល្អ និងក៏ជានិមិត្តរូប នៃចំណងមិត្តភាព របស់រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើង ទាំងពីរ គឺកម្ពុជាជប៉ុន ឱ្យបានកាន់តែ ល្អប្រសើរ ឡើងផងដែរ។
លោកព្រឹទ្ធាចារ្យ យ៉ាណូ តេស៊ូរ៉ូ បានលើកឡើងថា ដោយមានទំនាក់ទំនងដ៏ល្អ ប្រសើររវាង ព្រះតេជ្ជគុណ ស៊ីកាដា មីណេអូ និងលោកឧកញ៉ា សៀង ណាំ បានជួប រាប់អាន និងសហការគ្នា ទើបមានការ កសាងអគារសិក្សា នៅខេត្តសៀមរាបនេះ បានចំនួន១៥ខ្នង ស្មើនឹង ៦៨បន្ទប់ហើយ ដែលមានជាអំណោយ របស់សប្បុរជន និងរាជរដ្ឋាភិបាលជប៉ុន ។ លោកព្រឹទ្ធាចារ្យ ក៏បានធ្វើសំណូមពរ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមនិងអ្នកគ្រប់គ្នា ចូលរួមក្នុងថែរក្សា អគារសិក្សានេះ ដើម្បីឱ្យមានភាព រស់រវើក និងថែទាំ សម្រាប់មនុស្ស ជំនាន់ក្រោយៗទៀត បានប្រើប្រាស់ ជាប្រយោជន៍ ដ៏យូរអង្វែងតទៅ ។
ហើយលោក សូមឱ្យសិស្សានុសិស្ស ទាំងអស់ បន្តខិតខំព្យាយាមរៀនសូត្រ ឱ្យបានពូកែ ព្រោះអ្នកទាំងអស់គ្នា គឺជាទំពាំងស្នងឬស្សី នៃប្រទេសកម្ពុជា ប្រកបដោយ មោទនភាព ។ លោកបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានមាន ប្រសាសន៍ថា ប្រទេសជាតិ មានការរីកចម្រើន គឺអាស្រ័យដោយ មនុស្សបានទទួលការអប់រំ និងមានចំណេះដឹង ហេតុដូច្នេះហើយ ទើបសម្ដេច បានផ្ដួចផ្ដើមបង្កើត និងកសាងអគារសិក្សា បានយ៉ាងច្រើន នៅ ទូទាំងកម្ពុជា ដែលជាការផ្ដល់ នូវឱកាសកសាងគ្រឺះ នៃសរសរស្ដម ដ៏រឹងម៉ាំសម្រាប់ ប្រទេសកម្ពុជា ។
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ស៊ីន សូអាបេ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ អគារសិក្សា នាពេលនេះ តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងការចូលរួមចំណែក ក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា យ៉ាងច្រើនទៀត ។ ជាក់ស្ដែងសម្រាប់តែ ខេត្តសៀមរាប តាមរយៈព្រះតេជ្ជគុណ ស៊ីកាដា មីណេអូ យើងទទួលបាន អគារសិក្សាចំនួន១៥ខ្នង ស្មើនឹង ៦៨បន្ទប់ រួមទាំងសម្ភារៈសិក្សា សម្ភារៈកីឡា និងសម្ភារៈបង្រៀន មួយចំនួនធំទៀត ។ ក្នុងនោះក៏បានសាងសង់ ទីចាត់ការសាលា បានចំនួន ៥ខ្នង, បង្គន់អនាម័យ ក្នុងបរិវេណសាលារៀន ចំនួន ៤ខ្នង, ផ្ដល់អណ្ដូងទឹកស្អាត់ ចំនួន ១៣៨អណ្ដូង ។ ហើយសម្រាប់ នៅអនុវិទ្យានេះ អគារសិក្សានាឆ្នាំ កន្លងទៅបាន ១ខ្នង ស្មើនឹង ៤បន្ទប់ ជាអំណោយ របស់លោក ព្រឹទ្ធាចារ្យ មូចាគី តាមរយៈព្រះតេជ្ជគុណ ស៊ីកាដា មីណេអូ ផងដែរ ។
នៅក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា បានប្រគល់ជូននូវ គ្រឿងឥស្សរយស ជូនលោក ហូរី នូជិ អ៊ីជេអ៊ីសា ឯកអគ្គរាជទូតជប៉ុន និងជាតំណាង រដ្ឋាភិបាលជប៉ុន ។ ហើយក្នុងនោះផងដែរ លោកតា យាយ បងប្អូន ពូមីង ប្រជាពលរដ្ឋ ៣០០នាក់ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១, សិស្សានុសិស្ស លោកគ្រួ អ្នកគ្រូ ជាង ៣៥០នាក់ ក្នុងម្នាក់ៗ ទទួលបានសម្ភារៈសិក្សា និងថវិការមួយចំនួនផងដែរ។ ចំណែកសិស្ស ៥នាក់ ដែលបានឡើងឆ្លើយសំនួរ ក្នុងម្នាក់ៗ ទទួលបានថវិការ ចំនួន ១០០ដុល្លារ និងសិស្ស៣នាក់ទៀត ទទួលបានប្រាក់លើកទឹកចិត្ត៥០ដុល្លារផងដែរ ៕