ការងារជួសជុលប្រាសាទជាមុខរបរមរតកមួយនៃអ្នកស្រុកអង្គរ

0

សៀមរាប៖ រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌរស់របស់មនុស្សជាតិ។ រមណីយដ្ឋាននេះមិនមានត្រឹមតែប្រាង្គប្រាសាទ ព្រៃព្រឹក្សាប៉ុណ្ណោះទេ តែក៏មានមនុស្សរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត និងរក្សាទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អទៀតផង។ អ្នកស្រុកដែលរស់នៅក្នុងតំបន់រមណីយដ្ឋាន

photo_2016-12-06_17-14-24ពិភពលោកនេះ គេច្រើនហៅថា អ្នកអង្គរ។ ក្រៅពីមុខរបរជាកសិករ អ្នកអង្គរច្រើនតែមានមុខរបរទៀត ដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ដូចជា កម្មករជួសជុលប្រាសាទ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារការពារព្រៃឈើជុំវិញអង្គរជាដើម។

លោកតា ឈិញ ដោយ គឺជាមនុស្សម្នាក់ដែលបានមានមុខរបរជាកម្មករជួសជុលប្រាសាទ ស្ទើរពេញមួយជីវិត និងកំពុងតែបន្តមរតកនេះដល់ក្មេងៗជំនាន់ក្រោយ។ មានទីលំនៅ នៅភូមិនគរក្រៅ ជាប់នឹងក្រុងអង្គរធំ លោកតាដោយធ្លាប់ការជាកម្មករជួសជុលប្រាសាទស្ទើរគ្រប់ជំនាន់ គឺតាំងពីជំនាន់បារាំង សម័យសង្គ្រាម និងសម័យក្រោយសង្គ្រាម។ សព្វថ្ងៃលោកតា កំពុងធ្វើនៅការដ្ឋានJASA ជួសជុលប្រាសាទបាយ័ន។

“ប្រាសាទនិងផ្ទះរបស់ខ្ញុំវាសឹងតែជាកន្លែងតែមួយទៅហើយ ព្រោះតាំងពីក្មេងមកខ្ញុំនៅតែនឹងប្រាសាទ។ ខ្ញុំធ្វើការក្នុងប្រាសាទតាំងសម័យបារាំង ពេលដែលខ្ញុំមានអាយុប្រហែល១៧ឆ្នាំនៅឡើយ។ សព្វថ្ងៃអាយុ៧០ឆ្នាំហើយ ក៏នៅតែធ្វើការនឹងប្រាសាទដដែល”។

photo_2016-12-06_17-14-41

ដោយរៀបរាប់ពីសកម្មភាពការងារជួសជុលប្រាសាទតាំងពីក្មេងមកដល់ពេលនេះ លោកតា ដោយ បញ្ជាក់ថា “ប្រាសាទច្រើនណាស់ ដែលខ្ញុំធ្លាប់បានជួសជុល ដូចជាក្នុងសម័យបារាំង ជួសជុល ប្រាសាទធម្មនន្ទ ប្រាសាទបាភួន ជាដើម។ ក្នុងសម័យសង្គ្រាម គេជម្លៀសខ្ញុំទៅវត្តអធ្វារ ក៏ជួសជុលនៅប្រាសាទវត្តអធ្វារទៀត។ ក្រោយសម័យសង្គ្រាម ខ្ញុំក៏ចូលធ្វើការនៅតាមប្រាសាទផ្សេងៗទៀតដូចជា ប្រាសាទបាគង ប្រាសាទលលៃ។ តាំងពីជប៉ុនមកជួសជុលប្រាសាទបាយ័ននេះក្នុងឆ្នាំ១៩៩៤មក ខ្ញុំក៏ចូលមកធ្វើជាមួយគេរហូតមក ដោយបន្តជួសជុលនៅប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ននេះឯង”។

“ដំបូងយើងធ្វើតែការងារជាកម្មករធម្មតាៗ ដូចជា ដាប់ថ្ម ឈូសថ្ម ដំរៀបថ្មជាដើម។ ដល់យូរៗទៅ យើងកាន់តែជំនាញ គេឲ្យយើងឆ្លាក់ក្បាច់ខ្លះៗជំនួសក្បាច់ដែលវាខូច។ ឥឡូវយើងកាន់តែចាស់ គេឲ្យយើងជួយបង្ហាត់ក្មេងៗជំនាន់ក្រោយ និងជួយដឹកនាំការងារមើលការងារខុសត្រូវលើក្មេងៗដែលមិនទាន់ចេះច្បាស់។ ខ្ញុំស្រឡាញ់ការងារនេះណាស់ ខ្ញុំមិនមែនធ្វើការតែនៅប្រាសាទទេ ទោះជាខ្ញុំទៅផ្ទះហើយក៏ដោយ ក៏ខ្ញុំតែងគិតមមៃមករកការងារដែលខ្ញុំធ្វើរហូត”។

photo_2016-12-06_17-14-36

មិនត្រឹមតែលោកតា ដោយ ម្នាក់ឯងទេ ដែលមកធ្វើការនៅតាមប្រាសាទ កូនរបស់គាត់៦នាក់ផ្សេងទៀត បូករួមនឹងចៅប្រុសម្នាក់ទៀត ក៏កំពុងធ្វើការនៅតាមប្រាសាទដែរ។ “ខ្ញុំមានកូនទាំងអស់១២នាក់ ប៉ុន្តែនៅរស់តែ៨នាក់ទេ។ កូនប្រុសខ្ញុំ៥នាក់ និងចៅប្រុសម្នាក់កំពុងធ្វើការជាមួយខ្ញុំនៅ JASA ជួសជុលប្រាសាទបាយ័ននេះ ចំណែកកូនម្នាក់ទៀត គេធ្វើការជាមួយក្រុមអាមេរិកាំងនៅភ្នំបាខែង”។

ក្រៅពីលោកតាដោយនិងក្រុមគ្រួសាររបស់គាត់ នៅមានអ្នកអង្គររាប់ពាន់ផ្សេងទៀត ដែលមានមុខរបរពាក់ព័ន្ធនឹងកិច្ចអភិរក្សបេតិកភណ្ឌអង្គរ។ ក្រៅពីនេះ អ្នកអង្គរក៏នៅតែជាឃ្លាំងផ្ទុកនូវទំនៀមទម្លាប់ប្រពៃណីដូនតាដ៏ច្រើន ដែលតំបន់ផ្សេងៗទៀត មិនសូវយកចិត្តទុកដាក់ ឬបានបោះបង់ចោលទៅហើយ។ កិច្ចពិធីទាំងនេះមានដូចជា ពិធីសុំទឹកភ្លៀង ពិធីឡើងមាឃ ពិធីកោរជុកជាដើម៕

photo_2016-12-06_17-15-09 photo_2016-12-06_17-14-41 photo_2016-12-06_17-14-46 photo_2016-12-06_17-15-01