ខេត្តស្វាយរៀង៖ស្រូវរាប់ម៉ឺនតោនកំពុងប្រមូលផលទូទាំងខេត្តស្វាយរៀងកំពុងជួបឧបសគ្គ័ទីផ្សារដោយឈ្មួញកណ្តាលដើរទិញទម្លាក់តម្លៃថោកជាងឆ្នាំ២០១៥ គឺស្រូវស្រែ (ស្រូវចម្រុះ)ស្រូវក្រសាំងទាប , ស្រូវអ៊ីអ៊ែរ ណាំខុងបូងឬK៥០៤ពូជស្រូវវៀតណាម ក្នុង១គីឡូក្រាមតម្លៃ ៧១០ទៅ៧២០រៀល និងឈ្មួញកណ្តាលខ្លះទម្លាក់តម្លៃរហូតដល់៦៧០រៀលក្នុងមួយគីឡូក្រាម ទើបប្រជាកសិករអំពាវនាវសុំឲ្រប្រមុខរាជរដ្ឋាភិបាលជួយរកទីផ្សារដែលមានតម្លៃសមរម្យដូចកាលឆ្នាំ២០១៥ ស្រូវវស្សា(ស្រូវចម្រុះ)១គីឡូក្រាមតម្លៃ ៩០០រៀលទៅ១០០០រៀល ស្រូវក្រអូប១គីឡូក្រាមតម្លៃ១២០០រៀលទៅ១៣០០រៀលឯណោះ។ក៏ប៉ុន្តែមកដល់ថ្ងៃទី០៦ធ្នូ២០១៦នេះតម្លៃស្រូវធ្លាក់ចុះថោកហើយមិនសូវមានឈ្មួញមកប្រមូលទិញទេ ទាំងឈ្មួញក្នុងស្រុក(រោងម៉ាស៊ីនកិនស្រូវ)និងឈ្មួញវៀតណាម។បើតាមប្រជាកសិកររស់នៅភូមិត្បែង ឃុំពោធិរាជ ស្រុកស្វាយជ្រុំ បាននិយាយថា ស្រូវចាប់ផ្តើមច្រូតចេញពីស្រែ ខ្លះបានហាលស្ងួតអស់ហើយ ចង់លក់តែគ្មានអ្នកទិញទាល់តែសោះ អ្នកទិញភាគច្រើនជាអាជីវករវៀតណាមឡើងមកទិញ តែឆ្នាំនេះ បែជាគ្មានអាជីវករវៀតណាមមកទទួលទិញ ម្លោះហើយស្រូវទុកចោលពិព្រោះឈ្មួញកណ្តាលឲ្យតម្លៃថោកពេក១គីឡូក្រាមតម្លៃ៦០០ទៅ៦៧០រៀលប៉ុណ្ណោះ។
ជុំវិញស្រូវរាប់ម៉ឺនតោន នៅទូទាំងខេត្តមិនសូវមានអ្នកទិញ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ស្រូវធម្មតា លក់ឲ្យអាជីវករវៀតណាម ហើយតម្លៃ អាស្រ័យពួកគាត់ចរចារគ្នា ហើយខ្ញុំមិនដឹងច្បាស់ទេ បើចង់ដឹងសុំសួរទៅមន្ទីរពាណិជ្ជកម្មទៅ ខ្ញុំរវល់ប្រជុំ។ លោក មាក ឆសុវណ្ណារុន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងបានមានប្រសាសន៍ថា ក្នុងខេត្តមានរោងម៉ាស៊ីនកិនស្រូវតូចៗ ម្លោះហើយមិនសូវមានអ្នកទិញទេ តែអ្នកមកទិញភាគច្រើនជា អាជីវករវៀតណាម ហើយតម្លៃឡើងចុះរាល់ថ្ងៃ ដូចជាពីថ្ងៃមុន ស្រូវអ៊ីអ៊ែ ឬណាំខុងបូងវៀតណាមទិញ១គីឡូក្រាម ៦៩០រៀល ហើយស្រូវក្រអូប (ផ្ការំដួល )១គីឡូក្រាម តម្លៃ ៨៨០រៀល។លោកមាក ឆសុវណ្ណារុន បន្តទៀតថា លោកបានចាត់មន្ត្រីមន្ទីរពាណិជ្ជកម្មចុះស្រាវជ្រាវ ប្រមូលទិន្ននយ័ ស្រូវទាំងពីរប្រភេទគឺ ប្រភេទស្រូវក្រអូប ជាស្រូវដែលអាចនាំចេញទៅក្រៅប្រទេសបានដើម្បីទំនាក់ទំនងក្រុមហ៊ុននាំស្រូវអង្ករចេញឲ្យមកជួយប្រមូលទិញ ចំណែកប្រភេទស្រូវអ៊ីអ៊ែរ័និងរកទីផ្សារក្នុងស្រុកនិងខាងវៀតណាមឲ្យមកទិញ។