មាន វណ្ណតារា
ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះថា កងកម្លាំងជំនាញយុត្តិធម៌
នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៦នឹង០៥នាទីព្រឹក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ បានដឹកនាំផ្ទាល់ចុះបង្ក្រាប បទល្មើសព្រៃឈើមួយកន្លែង ស្ថិតនៅចំណុចកងពលតូចអន្តរាគមន៍លេខ៧ ក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កិច្ចប្រតិបត្តិការនោះបានប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថ ប្រមាណជាង ២០០នាក់ និងមានការប្រើប្រាស់ឧទ្ធម្ភាចក្រ ចំនួន០៣គ្រឿង ផងដែរ។
កម្លាំងជំនាញបានធ្វើការសើុបអង្កេត ស្រាវជ្រាវ ពិនិត្យ វាស់វែង និងធ្វើការផ្ទៀងផ្ទាត់ឃើញថា ប្រភេទឈើនៅក្នុងព្រៃជាក់ស្តែងមាន គល់ឈើសរុប ចំនួន១៤៤គល់ ក្នុងនោះគល់ឈើ ចំនួន ៥៤គល់ គឺស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ឲ្យគ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលចំណុះឲ្យកងពលធំអន្តរាគមន៍លេខ៣ ប្រចាំការនៅខេត្តព្រះវិហារ ដែលប្រគល់ឲ្យក្រុមហ៊ុន ហុង សុភាព គ្រប់គ្រងបន្ត។ រីឯគល់ឈើចំនួន ៩០គល់ទៀត ដែលទើបកាប់ថ្មីៗ និងជាកន្លែងដែលត្រូវបានហាមឃាត់ជាដាច់ខាត គឺស្ថិតនៅក្នុងដែនអភករក្សរបស់អាជ្ញាធរជាតិព្រះវិហារ។
តាមការសើុបអង្កេតដោយផ្ទៀងផ្ទាត់ឯកសារ និងវត្ថុតាង កម្លាំងជំនាញបានឃាត់ខ្លួនបុគ្គលដែលសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើជាបន្តបន្ទាប់រួមមាន៖ ១- ជនសង្ស័យ ឈ្មោះ សាយ សុភាព ភេទប្រុស កើតឆ្នាំ១៩៦៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ប្រធានក្រុមហ៊ុន ហុង សុភាព ទីកន្លែងកំណើត សង្កាត់លេខ៣ ក្រុងភ្នំពេញ មានទីលំនៅបច្ចុប្បន្ន ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ២- ជនសង្ស័យ ឈ្មោះ ប៊ុន ហុង ភេទស្រី កើតឆ្នាំ១៩៦៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុន ហុង សុភាព ទីកន្លែងកំណើត ភូមិធរតារអ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្ន ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អ្នកទាំងពីនាក់ជាប្តីប្រពន្ធ)។ ៣- ជនសង្ស័យ ឈ្មោះ សាយ សីុណា ភេទប្រុស កើតឆ្នាំ១៩៧១ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មេការក្រុមហ៊ុន ហុង សុភាព ទីកន្លែងកំណើត ភូមិដូរដុំ ឃុំលូទឹម ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ន ភូមិកាប់គោថ្មី ឃុំអូរចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ៤- ជនសង្ស័យ ឈ្មោះ ខៃ ហុឺ ភេទប្រុស កើតឆ្នាំ១៩៧១ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មន្ត្រីយោធាអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ទីកន្លែងកំណើត ភូមិស្ពានក្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិស្រអែម ឃុំស្រអែម ស្រុកជាំ ក្សាន្ត ខេត្តព្រះវិហារ។
កម្លាំងជំនាញបានចាប់យកឈើសរុបចំនួន ៥២៩,៤៧០ម៉ែត្រគូប (ប្រាំរយម្ភៃប្រាំបួននឹងបួនរយចិតសិបម៉ែត្រគូប) និងកូនឈើចម្រុះដែលមានទំហំអង្កត់ផ្ចិតគល់ ១៥ទៅ៣០សង់ទីម៉ែត្រ ចំនួន៤២ដើម ក្នុងនោះមាន ៖ ១/ ឈើហ៊ុបមូល ចំនួន៤៤២កំណាត់ ស្មើនឹង២៩៤,៩១៥ម៉ែត្រគូប (ពីររយកៅសិបបួននឹងប្រាំបួនរយដប់ប្រាំម៉ែត្រគូប) ក្នុងនោះឈើលេខ១ ចំនួន៩១កំណាត់ ស្មើនឹង៣៩ ,៣៨៥៣ម៉ែត្រគូប (សាមសិបប្រាំបួននឹងបីពាន់ប្រាំបីរយហាសិបបីម៉ែត្រគូប) ឈើលេខ២ ចំនួន៣២៨កំណាត់ ស្មើនឹង២៤២,៣៥៩៥ម៉ែត្រ (ពីររយសែសិបពីរនឹងបីពាន់ប្រាំរយកៅសិបប្រាំម៉ែត្រគូប) និងឈើលេខ ៣ ចំនួន២៣កំណាត់ ស្មើនឹង១២ ,៣៥៩៥ (ដប់ពីរនឹងបីពាន់ប្រាំរយកៅសិបប្រាំម៉ែត្រគូប។ ២/ ឈើ អារប្រភេទលេខ២ ចំនួន២៣៥,៤៥៥ម៉ែត្រគូប (ពីររយសាមសិបប្រាំនឹងបួនរយហាសិបប្រាំម៉ែត្រគូប) ។ ៣/ កូនឈើចម្រុះដែលមានទំហំអង្កត់ផ្ចិតគល់ ១៥ទៅ៣០សង់ទីម៉ែត្រ ចំនួន៤២ដើម និងចាប់យកមធ្យោបាយដឹកជញ្ជូនរួមមាន រថយន្តយីឌុប ចំនួន០១គ្រឿង រថយន្តសម្រាប់ចូលព្រៃ ( អារ៉េវ) ចំនួន០៦គ្រឿង គោយន្ត ចំនួន០៤គ្រឿង ម៉ាសុីន អារឈើជាច្រើនគ្រឿង និងវត្ថុតាងមួយចំនួនទៀត ។ រីឯជនសង្ស័យទាំង ៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕