តូយ៉ូតាកាត់ទ្រុងបត់ចូលមូលដ្ឋានកងទ័ពតំបន់ប្រតិបត្តិការសឹងរងខ្វះការប្រុងប្រយ័ត្នប៉ះម៉ូតូមួយគ្រឿងបណ្តាលឲ្យយុវជនម្នាក់រងរបួស

0

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងរវាងរថយន្តម៉ាកតូយ៉ូតាកាត់ទ្រុងពណ៌ស ពាក់ស្លាកលេខរដ្ឋ១៧-២-០៤២២ ប៉ះជាមួយម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១B-៤២៣៣ បណ្តាលឲ្យ យុវសិស្សម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់នៃស្នងការរដ្ឋាននគរបាលខេត្តបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចទល់មុខក្លោងទ្វារមូលដ្ឋានកងទ័ព(វិរៈ៧៩)ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ឫ(ផ្លូវភ្លោះលេខ៧៨)។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុឃើញរថយន្តបង្កខាងលើមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានបត់ធ្វេងបម្រុងចូលទៅក្នុងមូលដ្ឋានកងទ័ពខ្វះបច្ចេកទេសបើកបរ(មិនស៊ីញ៉ូធ្វេង)ត្រូវបានម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅពីកើតមកលិចក៏វ៉ាក់អើនិងរថយន្តបុកចំកងក្រោយយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ធ្ងរ។ ម្ចាស់រថយន្តបានកាច់សោរពន្លត់រត់គេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តទៀតថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថាន់ រស្មី ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិសិល្ប៍ៈ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាសិស្សថ្នាក់ទី៩D នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែរងរបួសបែកអង្គុញជើងខាងស្តាំ បាក់ដៃខាងធ្វេង និងបែកមុខសំណាងល្អមានពាក់មួកសុវត្ថិភាព ចំណែកម៉ូតូខ្ទេចកង់មុខទាំងស្រុង។
ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ជើងគោកបានចុះមកវាស់វែងនាំយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការរងចាំការដោះស្រាយជាក្រោយ៕ដោយ: យក្ខឡោម