បន្ទាយមានជ័យ ៖ភាពគ្មានសណ្តាប់ធ្នាប់ នៃការដាក់តាំងលក់ទំនិញក្នុងផ្សារ ហ៊ុយ ឡេង និងផ្សារទឹកថ្លា ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងប្រតិបត្តិការ ត្រួត
ពិនិត្យគុណភាពម្ហូបអាហារ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ណែនាំដល់អាជីវករ លក់ដូរត្រូវចេះ បែងចែកការដាក់តាំងទំនិញបរិភោគ និងទំនិញប្រើប្រាស់ឲ្យដាច់ពីគ្នានិងធ្វើយ៉ាងណាត្រូវរក្សាបាននូវអនាម័យ។
ក្រៅពីការណែនាំអាជីវករខាងលើ លោក ស៊ាន ស៊ីណាត និយាយថា ការចុះត្រួតពិនិត្យនេះ គឺ ដោយអនុវត្តន៍ តាមការណែនាំ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចជាដើម្បីធានាបាននូវគុណភាពម្ហូបអាហា លើតាមបណ្តាទីផ្សារក្នុងខេត្ត បន្ទាយមានជ័យ ទើបលោកដឹកនាំមន្ត្រីជំនាញរបស់លោក សហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ប៉ូលីសសេដ្ឋកិច្ចខេត្ត ប៉ូលិសសេដ្ឋកិច្ចក្រសួង សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ចុះអប់រំណែនាំអាជីវករ និង ត្រួតពិនិត្យ គុណភាពម្ហូបអាហា ដែលអាជីវករដាក់លក់ក្នុងផ្សារ ហ៊ុយ ឡេង និងផ្សារទឹកថ្លា ស្ថិតក្នុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបាន ធ្វើការត្រួតពិនិត្យ និងធ្វើតេស លើ ខ្ញី ផ្អក ម៉ាំ រកសាជាតិបូរ៉ាក់ និងម្សៅសរ តែរកពុំឃើញមានសារធាតុអ្វីទេ ។ ក្នុងនោះមន្ត្រីបានដកហូតទំនិញខូចគុណភាព ហួសកាលបវិច្ឆេទ មួយចំនួនតូច ផងដែរ ៕ដោយ:ឃិន គន្ធា