រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​ថយក្រោយ​ចេញពី​ដី​ឡូត៍​មួយកន្លែង ទៅ​ប៉ះ​និង​បង្គោល​ភ្លើង​បាក់​១​ដើម​

ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​ស៊ីផេក​មួយ​គ្រឿង​បាន​បើក​ថយ​ក្រោយ​ចេញ ពី​ដី​ឡូត៍​មួយ​កន្លែង​ធ្វើអោយ​ប៉ះ​និង​បង្គោល​ភ្លើង​មួ​យ​ដើម​បាក់​ទ្រេត​ជិត​ដល់​ដី​បណ្តាល​ឱ្យ​ខ្សែភ្លើង​ធ្លាក់​កាត់​ទទឹក​ផ្លូវ​និង​ធ្វើឱ្យ​រថយន្ត​ធុន​ធំ​បើក​ទៅ​មុខ​មិន​រួច​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៨​

និង​២០​នាទី​យប់​ថ្ងៃទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង​លេខ 134K មុខ​ផ្ទះ​លេខ​២៧ ក្រុមទី​១ ភូមិ​អូ​ដឹម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន ស៊ីផេក ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-0545 មួយ​គ្រឿង​បាន​បើក​ទៅ​ចាក់​ស៊ីម៉ង់ត៍​នៅ​ភូមិ​អូរ​ដឹម​ពេល​ចាក់​រួច​ហើយ​ក៏​បាន​បើកចូលទៅ​លេង​ផ្ទះ​បងប្អូន​នៅក្នុង​ដីឡូត៍​នៅជាប់​ផ្លូវលំ ខណៈ​ពេល​ត្រឡប់​ចេញ​មក​វិញ​ក៏​ថយ​រថយន្ត ស្រាប់តែ​ប៉ះ​ជាមួយ​បង្គោល​ភ្លើង​បេតុង​មួ​យ​ដើម ដែល​មាន​ប្រអប់​ភ្លើង​លេខ P.040129​ធ្វើអោយ​បាក់​ទ្រេត​ជិត​ដល់​ដី​ធ្លាក់​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ បណ្ដាលឱ្យ​រថយន្ត​ធុន​ធំ​មិន​អាច​បើកបរ​ទៅមុខ​បាន​។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​និង​បាន​ទំនាក់ទំនង​ទៅ អគ្គិសនី​កម្ពុជា​អោយ​ចុះមក​ត្រួតពិនិត្យ និង​ឃាត់​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕
1 2