បន្ទាយមានជ័យ ៖ ជនពិការចំនួន១២០នាក់ បានទទួលអំណោយពីពិធីអបអរសាទរទិវាជនពិការកម្ពុជា ៣ធ្នូ ខួបលើកទី១៨ និងទិវាជនពិការអន្តរជាតិខួបលើកទី៣៤ នៅ
មន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ។លោក គង់ សំអឿន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនពិការគ្រប់ប្រភេទ ទូរទាំងខេត្តបន្ទាយមានជ័យមានចំនួន៦៤៧២នាក់ ក្នុងនោះមានស្ត្រី១៥៥៤នាក់ ក្មេងពិការសរុប៧៤៨នាក់ ក្នុងនោះកុមារី៥៣២នាក់ ។ ដោយឡែកជនពិការដែលទទួលការឧបត្ថមគោលនយោបាយពីរដ្ឋមានចំនួន ២២២៣នាក់ អ្នកក្នុងបន្ទុកមានចំនួន ៣៧០១នាក់ ។ ដោយឡែកអំណោយដែលត្រូវចែកជូនជនពិការចំនួន១២០នាក់នាថ្ងៃនេះ ក្នុងម្នាក់ៗ ទទួលបាន មុង១ ភួយ១ សារ៉ុង១ និងមានការផ្តល់ជូននូវរទះជនពិការចំនួន៥នាក់ផងដែរ ជាអំណោយកាកបាទក្រហមកម្ពុជា ។
ក្នុងសាលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ឆ្នាំ២០១៦នេះ ទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ ត្រូវបានប្រារព្វឡើង ក្រោមប្រធានបទ « ផ្តល់អាទិភាព និងសិទ្ធអំណាចដល់ជនពិការក្នុងគ្រប់វិស័យដើម្បីសង្គមមួយគ្មានពិការភាព » ។
លោក អ៊ុំ រាត្រី អភិបានរងខេត្តបន្ទាយមានជ័យ បន្ទាប់ពីអានព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សូមបងប្អូនជនពិការទាំងអស់ កុំគិតថា ខ្លួនត្រូវ រដ្ឋាភិបាល បោះបង់ចោល ព្រោះបច្ចុប្បន្នទាំងរដ្ឋាភិបាល និងអាជ្ញាធរ បាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូន តាមរយៈ ការមិនរើសអើង ការផ្តល់ការងារធ្វើដល់ជនពិការក្នុងស្ថាប័នរដ្ឋ ការនាំអំណោយចែកជូនបងប្អូនជាបន្តបន្ទាប់ ជាដើម ។ ដោយឡែក ក្នុងពេលបច្ចុប្បន្ននេះ ជនពិការទាំងអស់មាមសិទ្ធធ្វើអ្វី ៗ គ្រប់យ៉ាងដូច ប្រជាពលរដ្ឋធម្មតាទូរទៅ ៕ដោយ:ឃិន គន្ធា