កំពង់ធំៈ សេចក្តីរាយាការណ៍ មួយបានបញ្ជាក់ថា ក្នុងរដូវដាក់ឆ្នុកឆ្នាំនេះ មានជនជាតិវៀតណាម ឈ្មោះវៀង យ៉ាំងហុង ជនជាតិវៀតណាម រស់នៅមាត់ខ្លា បានវិចវ៉ាលីស្ពាយលុយប្រមាណជាង៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក មកចែកជូនដល់អង្គភាពពាក់ព័ន្ឋនៅក្នុងខេត្តកំពង់ធំ ដើម្បីសុំដាក់ សុំដាក់ឆ្នុកចាប់ពី ព្រំប្រទល់ពាមបាង ស្រុកស្ទោង រហូតដល់ឃុំផាត់សណ្តាយ ហើយហាមដាច់ខាតមិនអោយប្រជានេសាទ ដាក់ឆ្នុកលុះត្រាតែបង់លុយសិន ដោយសារតែមានឈ្មួញវៀតណាម ឈ្មោះ ហុង រត់ការម៉ៅផ្តាច់អស់ហើយ។
ផ្ទៃបឹងទន្លេសាបទាំងមូល ដែលស្ថិតក្រោមការគ្រប់គ្រង់របស់ លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលខេត្តកំពង់ធំ ត្រូវបានផ្ទេរសិទ្ធិ ឲ្យលោក វៀង យ៉ាំងហុង ជាជនជាតិវៀតណាម កាន់កាប់គ្រប់គ្រងម្តង ដោយប្រជានេសាទ ទាំងអស់ស្ថិតនៅក្នុងផ្ទៃបឹងទន្លេសាប ទាំងខ្មែរ និងវៀតណាម ត្រូវបង់លុយឲ្យលោក វៀង យ៉ាំងហុង សិនបើចង់ដាក់ឆ្នុក តែបើសិនជាប្រជាពលរដ្ឋណាមិនបង់លុយឲ្យទេ លោក វៀង យ៉ាំងហុង និងបញ្ជាឲ្យលោក យ៉ាន់ វិសាក់ នាយផ្នែក ផាត់សណ្តាយ និងលោក ហួន ផល នាយសង្កាត់ពាមបាង ចាប់ទាំងយប់ ការទទួលបានអំណាចទាំងនេះ គឺដោយសារតែ ឆ្នាំនេះលោក វៀង យ៉ាំងហុង ម៉ៅផ្តាច់បង់ជំនាញ ក្នុងនោះមាន ប៉ូលិសមូលដ្ឋាន និងប៉ូលិស ស្រុក ប៉េអ៊ឹមមូលដ្ឋាន និងប៉េអ៊ឹមស្រុក អធិការខាងជើងបឹង ទន្លេសាប បរិស្ថានមូលដ្ឋាន នងបរិស្ថានខេត្ត អភិបាលស្រុក ហើយមានអ្នករត់ការបង់ថ្នាក់ខេត្ត រួមទាំងខណ្ទរដ្ឋបាលជលផល កំពង់ធំ មិនក្រោមពី៥ម៉ឺនដុល្លា។
ពាក់ព័ន្ឋនឹងការចោទប្រកាន់ថា លោក វៀង យ៉ាំងហុង ទិញសិទ្ធិផ្តាច់មុខ ពីលោកនាយខណ្ទរដ្ឋបាលជលផល កំពង់ធំ ហើយបានធ្វើសមកម្មភាព ប្រមូលលុយពីប្រជានេសាទមកបង់ជូនសមត្ថកិច្ច និងអាជ្ញាធរខេត្តកំពង់ធំ លោក វៀង យ៉ាំងហុង ដែលជាអ្នករត់ការបានឲ្យដឹងថា ការប្រមូលលុយពីប្រជានេសាទឆ្នាំនេះ មានការយឺតយ៉ាវ ដោយសារតែក្រោយ ពីលោកបានបង់លុយទាំងអស់ទៅខាងសមត្ថកិច្ច ក៏មានប្រជានេសាទខ្លះមិនព្រមបង់លុយឲ្យលោក អ្នកខ្លះបានរត់គេ ពីលោក ធ្វើឲ្យលោកដើរប្រមូលលុយមកវិញមិនបានគ្រប់ចំនួន ។
លោក យ៉ាន់ វីសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ គ្រប់គ្រងតាំងពីព្រំព្រទល់សៀមរាប រហូតដល់ ព្រំប្រទល់ខេត្តកំពង់ឆ្នាំ បានឲ្យដឹងតាមទូស័ព្ទថា លោកជានាយផ្នែកមែនហើយលោកគ្រាន់តែជាអ្នកមើលពីលើនោះទេ ចំនែកអ្នកដែលអនុវត្តការបង្រ្កាបបទល្មើស ខ្ញុំឯណាទៅមើលម្នាក់ឯងបានសព្វ ហើយម៉េចក៏មិនសួរលោក ផល និងលោក ឃឿន ដែលជានាយសង្កាត់ទៅ ។ ពាក់ព័ន្ឋទៅនឹងការឆ្លើយបដិសេធយ៉ាងខ្លីនេះ គឺមានចេតនាមិនទទួលខុសត្រូវ ឆ្លើយយករួចតែខ្លួន ។
បទល្មើសឆ្នុក និងរុញស៊ីប ត្រូវបានគេប្រទះឃើញ ធ្វើសកម្មភាពនៅចំនុចឃុំពាមបាង បាឡត ដូនស្តើង និងឃុំផាត់សណ្តាយ ជារៀងរាល់យប់ ដែលជាសកម្មភាពគឃ្លើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់បទបញ្ជាឲ្យ នាយសង្កាត់ នាយផ្នែក និងនាយខណ្ទរដ្ឋបាលជលផល រួមគ្នាទប់ស្កាត់ការពារមឆ្ឆាជាតិ តែបែរជាលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល មិនខ្ចីអើពើ អសមត្ថភាពក្នុងការបង្រ្កាបបទល្មើសនេសាទ ដែលពោពេញទៅដោយភ្លើងឆ្នុកដូចបុណ្យកឋិន ក្នុងនោះមហាជនកំពុងតែចាប់អារម្មណ៍ថា តើសមត្ថកិច្ចរដ្ឋបាលជលផលកំពង់ធំ បច្ចុប្បន្នកំពុងតែធ្វើអ្វី បានជាមានភ្លើងឆ្នុកគ្រប់ទីកន្លែង ។
ដោយ ប៊ុន រដ្ឋា