ភ្នំពេញ ៖ ម៉ូតូកង់៣លក់គ្រឿងក្លែមមួយគ្រឿងបានរងការខូចខាតគៀបជាប់និងរថយន្តកុងតឺន័រ ខណៈដែលម៉ូតូកង់៣ បើកវ៉ារថយន្តកុងតឺន័រចតក្បែរចិញ្ចើមផ្លូវ ហើយក៏មានរថយន្តមួយគ្រឿង បើកមកពីមុខបុកចំពេញទំហឹង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០
នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំណុចក្បែររបងទូតរុស្ស៊ី តាមបណ្ដោយផ្លូវសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្តកុងតឺន័រ មួយគ្រឿងបានមកឈប់ចតក្បែរចិញ្ចើមផ្លូវបំរុងបើកចូលឃ្លាំងដាក់ឥវ៉ាន់ ខណៈនោះក៏មានម៉ូតូ កង់បីមួយគ្រឿងមានលក់គ្រឿងក្លែមជិះគ្នា៤នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស់ ទិសដៅ ពីជើងទៅត្បូង បានជិះវ៉ារថយន្តកុងតឺន័រដែលចតក្បែរចិញ្ចើមផ្លូវ ស្រាប់តែភ្លាមៗ ក៏មានរថយន្ត មួយគ្រឿងមិនចាំម៉ាកបើកក្នុងល្បឿនបើកមកពីមុខ ទិសដៅពីត្បូងទៅជើង បុកម៉ូតូកង់៣រុញផ្ទប់ គៀបជាប់និងរថយន្តកុងតឺន័រខ្ទេចរងការខូចខាត បណ្ដាលអោយមនុស្ស៤នាក់ដែលជិះម៉ូតូកង់៣ រងរបួសធ្ងន់ស្រាល ចំណែករថយន្តបង្កបន្ទាប់ពីកើតហេតុបានបើករត់បាត់ស្រមោល។
ភ្លាមៗសមត្ថកិច្ចបានចុះអន្តរាគមន៍ហៅរថយន្តសាមុយដឹកជនរងគ្រោះទៅមន្ទីរពេទ្យប៉ុន្តែជនរងគ្រោះមិនព្រម ព្រោះពួកគេគ្មានលុយ ដោយមានពន្យល់ប្រាប់ពីប្រជាពលរដ្ឋនិងសមត្ថកិច្ច ទើបជនរងគ្រោះសំរេចហៅម៉ូតូរ៉ឺម៉កកង់បីជិះទៅមន្ទីរពេទ្យព្យាបាលរបួសដោយខ្លួនឯង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរបានចុះមកធ្វើការវាស់វែងនិងធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់៕