ខេង ឧត្តម
សៀមរាប៖ ទីទួលប្រាសាទបុរាណ ក្នុងបរិវេណវត្តប្រាសាទត្រាំនាគ ត្រូវក្រុមជាងសំណង់ កំពុងតែនាំគ្នាជីកដី ធ្វើសំណង់ថ្មី ពីលើថ្មប្រាសាទបុរាណ ដូចជាមិនខ្លាចចំពោះច្បាប់ ការពារសម្បត្តិបេតិកភណ្ឌ ការជីកទួលប្រាសាទបុរាណ ដើម្បីសាងសង់សំណង់ថ្មីនេះ បានធ្វើអស់រយៈពេល
ប្រមាណ១០ថ្ងៃមកហើយ ប៉ុន្តែទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីអាជ្ញាធរអប្សរា សុទ្ធតែមិនបានដឹងអ្វីទាំងអស់។លោក ម៉េង លី អ្នកមើលខុសត្រូវការដ្ឋានសំណង់ នៅកន្លែងប្រាសាទបុរាណនោះ បានមានប្រសាសន៍ នាព្រឹកថ្ងៃអាទិត្យទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះថា លោកដឹងថាកន្លែងដែលរូបលោក កំពុងសាងសង់នេះ គឺជាប្រាសាទបុរាណ ប៉ុន្តែលោកមិនដឹងច្បាស់ថា តើការសាងសង់នេះមានច្បាប់ដែរ ឬក៏យ៉ាងណាទេ ពីព្រោះលោកមិនមែន ជាអ្នកម៉ៅការសំណង់ គ្រាន់តែគេជួលពី ទីក្រុងភ្នំពេញ ឲ្យមកគ្រប់គ្រងការដ្ឋានប៉ុណ្ណោះ ។
លោក ម៉េង លី បន្តថាក្រុមជាងរបស់គាត់ បានចាប់ផ្ដើមដំណើរការសាងសង់ សំណង់ថ្មី នៅលើប្រាសាទបុរាណនេះ រយៈពេល១០ថ្ងៃមកហើយ។
ទីទួលប្រាសាទបុរាណ នៅក្នុងបរិវេណវត្តប្រាសាទត្រាំនាគ នោះ មានទទឹងប្រហែល២០ម៉ែត្រ គុណនិងបណ្ដោយប្រហែល ៣០ម៉ែត្រ ដែលខ្ពស់ជាងដីធម្មតាប្រមាណ២ម៉ែត្រ។បច្ចុប្បន្នទីនោះនៅសល់ថ្មបុរាណជាច្រើន ខ្លះជាវត្ថុសក្ការៈបូជាតាមបែបព្រហ្មញ្ញសាសនា និងខ្លះទៀតជាថ្មដែលមានក្បាច់ចម្លាក់ផ្កាភ្ញី ពាស់ពេញដី ជាច្រើនដុំ។ ការជីកដីប្រាសាទ ដើម្បីសាងសង់សំណង់ថ្មីនៅលើនេះ បានធ្វើឱ្យថ្មបុរាណខ្លះ បាក់ឆែប ដោយសារតែការជីកចំ និងថ្មបុរាណខ្លះទៀតត្រូវគេគាស់ចេញពីទីតាំងដើម។
ចៅអធិការវត្ត និងគណកម្មការវត្ត ប្រាសាទត្រាំនាគ បាននិយាយខុសៗគ្នាអំពីសំណង់ដែល កំពុងតែធ្វើនៅលើទីប្រាសាទបុរាណ។
លោកតា អោក សំអឿន ប្រធានគណកម្មការវត្តប្រាសាទត្រាំនាគ មានប្រសាសន៍ថា សំណង់នោះ គឺបានសុំច្បាប់អនុញ្ញាត ពីមន្ត្រីអាជ្ញាធរអប្សរា ដែលជាអ្នកទទួលបន្ទុកការពារនិងថែរក្សាប្រាសាទបុរាណ ត្រឹមត្រូវអស់ហើយ ។ លោកតាដដែលបានបញ្ជាក់ថា ម្ចាស់កសាងសំណង់នេះគឺជាជំទាវម្នាក់ ដែលមានអំណាចធំនៅក្នុងជួររដ្ឋាភិបាល។
បើតាមគណកម្មការវត្តប្រាសាទត្រាំនាគ ឱ្យដឹងថារយៈពេល១០ថ្ងៃមកនេះ គឺនៅពេលដែលជាងសំណង់ជីកដី បាតប្រាសាទបុរាណ គេបានប្រទះឃើញរូបចម្លាក់នាគរាជ ធ្វើពីថ្មភក់ចំនួន២ដុំ ដែលគណកម្មការវត្តបានយកទៅទុកនៅក្នុងកន្លែងព្រះចៅអធិការវត្ត ក៏ប៉ុន្តែចៅអធិការវត្តមិនអនុញ្ញាតឱ្យអ្នកសារពត៌មានចូលទៅថតរូប ដើម្បីផ្សព្វផ្សាយទេ។
ព្រះគ្រូចៅអធិការវត្តប្រាសាទត្រាំនាគ ភិក្ខុ ស រ៉ា មានព្រះថេរៈដីកាថា គឺព្រះអង្គជាអ្នកសំរេចព្រះទ័យផ្ទាល់ ឱ្យជាងមកសាងសង់សំណង់ថ្មី នៅលើកន្លែងប្រាសាទបុរាណ ដែលនៅសេសសល់ស្លាកស្នាមជាច្រើននោះ ។ ចៅអធិការវត្តដដែលបញ្ជាក់ថាមានពុទ្ធបរិស័ទជាច្រើនដែលចូលមកវត្តនេះ គឺមានជំនឿទៅលើស្ដេចនាគ ទើបព្រះអង្គសំរេចថាត្រូវតែកសាងប្រាសាទមួយ នៅលើកន្លែងប្រាសាទបុរាណនោះ ដើម្បីថ្វាយស្ដេចនាគ។ ព្រះអង្គមិនចាប់អារម្មណ៍ទៅលើកន្លែងប្រាសាទបុរាណនោះ ថាជាវត្ថុដ៏មានតម្លៃ ដែលត្រូវការពារអ្វីនោះទេ។
លោក ឡុង កុសល មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយ របស់អាជ្ញាធរអប្សរា បានឲ្យដឹងថា លោកមិនទាន់បានដឹងជុំវិញរឿង សាងសង់សំណង់ថ្មី នៅលើកន្លែងប្រាសាទបុរាណនោះ ទេ។
សមាជិកក្រុមប្រឹក្សា ខេត្តសៀមរាប លោក សុខ គឹមសេង ឱ្យដឹងថាលោក ទើបតែបានទទួលពត៌មានស្ដីពីការជីកដីប្រាសាទបុរាណដើម្បីសាងសង់សំណង់ថ្មី កាលពីព្រឹកថ្ងៃអាទិត្យនេះ ហើយលោកមានគំរោងនឹងចុះ ពិនិត្យ ព្រមទាំងសួរដេញដោល អាជ្ញាធរក្រុងនិងខេត្តសៀមរាប ឱ្យឆ្លើយបំភ្លឺជុំវិញរឿងនេះ។
មន្ត្រីអាជ្ញាធរអប្សរា ឱ្យដឹងថាព្រះរាជក្រម ស្ដីពីកិច្ចការពារបេតិកភណ្ឌ បានចាត់ទុកថ្មរបស់ប្រាសាទបុរាណ ឬក៏ទីតាំងបុរាណដ្ឋាន គឺជាសម្បត្តិបេតិកភណ្ឌរបស់ជាតិនិងពិភពលោក ដែលត្រូវការពារនិងថែរក្សា មិនអាចជនណា ប៉ះពាល់ឬក៏បំផ្លាញបានទេ។ ក៏ប៉ុន្តែករណីទីទួលប្រាសាទបុរាណនៅក្នុងបរិវេណវត្តប្រាសាទត្រាំនាគនេះ គឺនៅមានថ្មប្រាសាទបុរាណជាច្រើន សម្រាប់សំគាល់នៅឡើយ ដូចជាមិនមានកិច្ចការពារឬក៏ថែរក្សាទុកអ្វីសោះឡើយ៕