ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២០ខែ ធ្នូ ឆ្នាំ២០១៦នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអញ្ជើញតំណាងអាជីវករ ម្ចាស់ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសណ្ឋាគារ
ដែលពាក់ព័ន្ធលើសេវាកម្មទេសចរណ៍ ចំនួន១៨១នាក់ មកចូលរួមប្រជុំផ្សព្វផ្សាយ អំពីវិធានការ ការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យសមុទ្រ និង បុណ្យឆ្លងឆ្នាំសកល ។
ឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ជំរាបជូនបងប្អូនអាជីវករ ម្ចាស់ទីតាំងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ និង សន្តិសុខភ្ញៀវដែលមក ស្នាក់អាស្រ័យនៅទីតាំងរបស់ខ្លួន។ ក្នុងនោះទីតាំងនិមួយៗ ត្រូវបំពាក់កាមេរ៉ា ត្រូវមានសន្តិសុខឯកជនដែលមានកាយសម្បទាមាំមួន មានប្រវត្តិរូបច្បាស់លាស់ ត្រូវមានបំពង់ពន្លត់អគ្គីភ័យ ត្រូវមានបញ្ជីតក់ត្រា អត្តសញ្ញាណភ្ញៀវស្នាក់នៅ ច្បាស់លាស់ និងមានអ្នកប្រចាំការ២៤ម៉ោងតាមដានកាមេរ៉ាសុវត្ថិភាព ហាមឃាត់មិនឲ្យមានការលក់ ឬដុតផាវកាំជ្រួចឡើយ។ ពិសេសបំផុត ម្ចាស់ទីតាំងត្រូវប្រុងប្រយ័ត្ន ចំពោះមុខសញ្ញាអាក្រក់ វានឹងអាច មកជួលទីតាំងស្នាក់នៅចាំធ្វើសកម្មភាព នៅពេលណា មានចន្លោះប្រហោងធ្វេសប្រហែស វាបុកចូលបន្ទប់ភ្ញៀវប្លន់តែម្តង ម្យ៉ាងទៀតក្រុមវាចាំលួចគាស់រថយន្តយកទ្រព្យសម្បត្តិភ្ញៀវ។ អីចឹងដើម្បីកុំឲ្យខូចកេរ្តិ៍ឈ្មោះជះឥទ្ធិពលអាក្រក់ ប៉ះពាល់ដល់វិស័យទេសចរណ៍ សូមអស់លោកទាំងអស់ ចូលរួមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា៕