កំពង់ធំៈ សកម្មភាពដឹកឈើ ដោយមានការអែបអាងច្បាប់អនុញ្ញាតិដឹកឈើ របស់អភិបាលខេត្តកំពង់ធំ កន្លងមកធ្លាប់ធ្លាក់ទៅលើដៃឈ្មួញឈើ បានដឹកបន្តកន្ទុយគ្នា ដោយទំលាក់ខុសគោលដៅ ដោយប្រើប្រាស់ឯកសារ ថតចម្លង ក្នុងច្បាប់អនុញ្ញាតិឲ្យដឹកតែមួយដង តែឈ្មួញដឹកមិនក្រោមពី១០ដង ដោយប្រើប្រាស់រថយន្តជា ច្រើនគ្រឿងដឹកក្នុងរយះពេលខ្លី ជូនពេលខ្លះលិខិតផុតសុពលភាពកន្លះខែហើយឈ្មួញនៅតែយកមកអែបអាង ។
ជាក់ស្តែងមន្រ្តីសាលាខេត្តកំពង់ធំ និងប៉ូលិសស្នងការនគរបាលខេត្តកំពង់ធំ មានផ្ទះរហូតទៅ៣ខ្នង ជីវភាពធូរធារ តែសុំច្បាប់ អនុញ្ញាតិដឹកឈើធ្វើផ្ទះ ក្រោយពីបានលិខិតច្បាប់អនុញ្ញាតិហើយ ជនទាំងនោះបានយកច្បាប់លក់ឲ្យឈ្មួញ ឈ្មោះទី ដែលមានដេប៉ូឈើនៅព្រៃទទឹង ខេត្តកំពង់ចាម ហើយឈ្មួញនេះដឹកមិនចេះអស់មិនចេះហើយ ទើបតែពេលនេះ ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានចាត់វិធានការក្តៅនិង រឹតបន្តឹងភាពច្បាស់លាស់នៃជនក្រីក្រសុំដឹកឈើធ្វើផ្ទះ ដោយភ្ជាប់ទាំងរូបថតសាម៉ីខ្លួន និងចំនួនឈើ ព្រមទាំង រូបថតផ្ទះចាស់ បង្ហាញដល់សមត្ថកិច្ចតាមផ្លូវ ករណីមិនមែនជាសាម៉ីខ្លួនត្រូវចាត់វិធានការតាមច្បាប់។
ជាក់ស្តែងនៅសាលាស្រុកប្រាសាទបាល្ល័ង្គ មានកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាត់វិធានការដាច់ខាត ចំពោះជនណាដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតិ ដូចជាអុសខ្នាតធំជាប្រភេទឈើស្រស់ ជំនៀរឈើមូលដែលជាល្បិចរបស់ឈ្មួញ និងឈើកូនឈើស្រស់ ត្រូវបានឲ្យអភិបាលស្រុក ក្រុង មានវិធានការចំពោះការដឹកចញ្ជូនឈើដោយខុសច្បាប់ ចាប់គោយន្ត ឬរថយន្តលើកទី១ គឺធ្វើការអប់រំចុះកិច្ចសន្យាថតទាំងម្ចាស់ គោយន្ត និងសម្ភារៈនឹងរឹបអូសយកវត្ថុតាង បើចាប់លើកទី២ ត្រូវសហការជាមួយខណ្ទរដ្ឋបាលព្រៃឈើកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ក្នុងនោះក៏បានហាមដល់មេភូមិ និងមេឃុំ រួមទាំងមុខសញ្ញាបញ្ឈប់ជាបន្ទាន់ការចុះហត្ថលេខា លើសំណុំរឿងសុំខ្ចីគោយន្ត ឬរថយន្តទៅប្រើប្រាស់បណ្តោះអាសន្នជាដាច់ខាត ចំពោះអ្នកសុំច្បាប់អនុញ្ញាតិឲ្យដឹកតែមួយដងទេ ដោយភ្ជាប់រូបថតម្ចាស់សំណើរ។
ពិធីនេះត្រូវបានចូលរួម ពីសំណាក់លោក តុង យី នាយរងខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ និងលោក ឈាង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ព្រមទាំងនាយសង្កាត់ សហគមណមេភូមិ មេឃុំ និងប្រជាពលរដ្ឋ ចូលរួមនៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៦ ការចាត់វិធានការក្តៅការពារទប់ស្កាត់លុបបំបាត់បទល្មើសសព្រៃឈើ ដោយយោងតាមសារាចរណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ភារកិច្ចដល់រាជធានីខេត្តក្រុង ស្រុក ខណ្ទ ចាត់វិធានការលើសកម្មភាពខុសច្បាប់ ដូចជា លុបបំបាត់សិប្បកម្មកែច្នៃ អាជីវកម្មធនធានព្រៃឈើ លុបបំបាត់ ការដឹកជញ្ជូន ស្តប់ឈើ និងគ្រប់គ្រង លុបបំបាត់ការនាំចេញ និងផលិតផលកែច្នៃគ្រប់ប្រភេទ រួមទាំងសត្វព្រៃទៅក្រៅប្រទេស បង្រ្កាបបទល្មើសនៅក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ឋត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់គណៈបញ្ជាការឯកភាពនៃរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការអនុវត្តវិធានការខុសច្បាប់ទាំងនេះ ។
ដោយ ប៊ុន រដ្ឋា