កំពង់ចាម: កម្លាំងសាខាគយនិងរដ្ឋករខេត្តកំពង់ចាម សហករណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងនគរបាលស្រុកចំការលើ បានចុះត្រួតពិនិត្យឆែកឆេរតាមហាងទិញ និងលក់ម៉ូតូចំនួន៦កន្លែង ដោយបានរកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន២៨គ្រឿង ដែលត្រូវធ្វើការរឹបអូសផងដែរ កាលពីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងឃុំបុសខ្នុរ និងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លោក ប្រាក់ ចាន់ធី ប្រធានសាខាគយនិងរដ្ឋករខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍នេះគឺមានការសម្របសម្រួលពីលោករៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកម្លាំងចម្រុះជាច្រើននាក់ ចុះធ្វើការត្រួតពិនិត្យកន្លែងទិញនិងលក់ម៉ូតូចំនួន៦កន្លែង នៅក្នុងទឹកដីស្រុកចំការលើ ក្រោយពីធ្វើការផ្ទៀងផ្ទាត់លើលិខិតស្នាម ដោយរកឃើញម៉ូតូចំនួន២៨គ្រឿង ក្នុងនោះនៅឃុំបុសខ្នុរ មានផ្ទះលក់ម៉ូតូ៥កន្លែង រកឃើញម៉ូតូចំនួន២០គ្រឿង និងឃុំស្វាយទាបមាន១កន្លែង រកឃើញម៉ូតូចំនួន៧គ្រឿង ដែលសុទ្ធសឹងតែគ្មានពន្ធនាំចូល ហេីយត្រូវបានសមត្ថកិច្ចធ្វើការរឹបអូសពីហាងលក់ម៉ូតូទាំងនោះ យកទៅរក្សាទុកនៅស្នាក់ការសាខាគយនិងរដ្ឋករខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕