ត្បូងឃ្មុំ: បុរសជនជាតិចិនវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតដោយលេបថ្នាំសម្លាប់ខ្លួន ព្រោះតែចាញ់ល្បែងស៊ីសង
ហេីយត្រូវប្រពន្ធឲ្យជ្រើសរើសយកមួយណា រវាងប្រពន្ធនិង
ល្បែងស៊ីសង ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ស្ត្រីជាប្រពន្ធ ស្ថិកក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីធ្វើអត្តឃាតដោយលេបថ្នាំសម្លាប់ខ្លួននេះ គឺជនរងគ្រោះមានឈ្មោះ សុខ ធី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិនមានទីលំនៅខេត្តព្រៃវែង ដែលបានមកធ្វើចំការ នៅចំណុចត្រពាំងច្រេះស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ និងមានប្រពន្ធឈ្មោះផេង ចន្នី អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាតនេះ គឺមូលហេតុដោយសារជនរងគ្រោះលេងល្បែងចាញ់គេ នៅក្រុងបាវិត និងមានទំនាស់ពាក្យសំដីជាមួយប្រពន្ធកាលពី២-៣ថ្ងៃមុន គ្រាដែលប្រពន្ធតែទូរសព្ទសួរថា ត្រូវជ្រើសរើសយកមួយណា រវាងប្រពន្ធនិងល្បែងស៊ីសង។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួច ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕