ខេត្តរតនគិរី៖ លោក សុខ គា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដាក់កុងត្រូលជជុះចាំរាប់ក្បាលរថយន្តដឹកឈើទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ
កម្ពុជា -វៀតណាម ដែលមានទីតាំងស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងមានរថយន្តចំនួន២គ្រឿងសំរាប់ប្រដេញស្ទាក់ ទី១រថយន្តម៉ាកឆ្លាម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2I-1990 រថយន្ត១គ្រឿងទៀតម៉ាកតូយ៉ូតា ពណ៌ស ពាក់ស្លាកលេខនគរបាល 2-1919 សំរាប់ប្រដេញស្ទាក់ឃាត់រថយន្តដឹកបទល្មើសអោយឈប់បង់លុយកុងត្រូលជជុះរបស់លោក។
ជាក់ស្តែងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ រថយន្តឈ្មួញជាច្រើនគ្រឿងឈប់បន្តកន្ទុយគ្នាដើម្បីចូលបង់លុយទៅលោកសុខ គា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បើរថយន្តឈ្មួញរូបណាដែលមិនព្រមបង់អោយលោក សុខ គា មិនអនុញ្ញាអោយធ្វើដំណើរបន្តទៅមុខបាននោះឡើយ។
ម្ចាស់រថយន្ត១គ្រឿងសូមមិនបញ្ចេញឈ្មោះបានបង្ហើបអោយអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះថា លោកសុខ គា ឡើងថ្លៃក្នុងការបង់ក្បាលរថយន្ត១គ្រឿងសាំយ៉ុង១ជើង២០ម៉ឺនរៀល កាលពីមុនធ្លាប់បង់អោយតែ៤ម៉ឺនរៀល តែឥឡូវឡើងដល់២០ម៉ឺនរៀល បើមិនបានបង់លុយអោយនោះទេមិនអនុញ្ញាធ្វើដំណើរទៅមុខបាន។
ប្រជាពលរដ្ឋបានបន្តទៀតថាកុងត្រូលលោកសុខ គា កំពុងតែប្រឈមនឹងត្រូវបណ្តាសារញើសឈាមរបស់ពួកគាត់គ្រប់គ្នា ដោយសារពួកគាត់ដឹកជញ្ជូនឈើបន្តិចបន្តួចទៅលក់នៅបានថ្លៃបាយទឹក និងសាំងឡានពេលត្រឡប់មកវិញ ដឹកឥវ៉ានចាប់ហួយ គ្រឿងទេស មកក្រុងបានលុង។ លោកសុខ គា ពុំបានគិតដល់ចំណុចនេះទេ គិតតែពីរាប់ក្បាលឡានតែប៉ុណ្ណោះ(ដូចអារកខ្យង)។
ទាក់ទិនបញ្ហាខាងលើនេះលោកសុខ គា អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២២ ខែឆ្នាំដដែលនេះ ដោយពុំមានលេខទូរស័ព្ទ។
គួរបញ្ជាក់ផងដែរថាអនុសាសន៍របស់ម្តេចក្រឡាហោម ស ខេង ទាក់ទងលើបញ្ហាបទល្មើសផ្សេងៗចំពោះស្ថាប័នយុត្តិធម៌ការដាក់កុងត្រូលជជុះតាមដងផ្លូវ សមត្ថកិច្ចពាក់ព័ន្ធនិងបទល្មើសព្រៃឈើជាអំពើពុករលួយត្រូវប្រឈមនឹងច្បាប់ជាធរមាន៕ដោយ: យក្ខឡោម