បន្ទាយមានជ័យ:ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយបន្តបទឧទ្ទេសនាមរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា
ការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហានបង្គោល នៃកងរាជអាវុធហត្ថ ស្ដីអំពីការងារអប់រំចិត្តសាស្រ្តទូទាំងប្រទេស នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។
មានការចូលរួមពីនាយ នាយរង និងពលអាវុធហត្ថទូទាំងខេត្តចំនួន៣៣៩នាក់ និងកងអនុសេនាធំចល័តលេខ១៦ចំនួន២៦នាក់បានចូលរួមផងដែរ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរលោក ឧត្ដមសេនីយ៍ត្រី បានលើកឡើងថា ការផ្សព្វផ្សាយនេះគឺមានគោលបំណង អោយនាយ នាយរង និងពលអាវុធហត្ថទាំងអស់អោយយល់ដឹងពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងប្រទេស សភាពការណ៍កងរាជអាវុធហត្ថ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី បានលើកយកចំណុចខ្វះខាតនិងបញ្ហាប្រឈមមួយចំនួនដូចជា៖ -ការពាក់ព័ន្ធគ្រឿងញៀន -ការគ្រប់គ្រងនិងប្រើប្រាស់អាវុធ -ការទន្ទ្រានកាន់កាប់ដីរដ្ឋ -ការបំផ្លិចបំផ្លាញធនធានធម្មជាតិដោយផ្ទាល់ឬប្រយោល -បញ្ហាល្បែងស៊ីសងដែលជាប្រភពបង្កើតបទល្មើស -ការជួញដូរមនុស្ស -ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក និងពាក់ព័ន្ធបទល្មើសផ្សេងៗទៀតផងដែរ។
លោកឧត្ដមសេនីយ៍ត្រី បានមានប្រសាសន៍ផ្ដាំផ្ញើដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់អោយយកចំណេះដឹងដែលទទួលបានពីការផ្សព្វផ្សាយ ទៅអនុវត្តន៍អោយសមស្របទៅតាមវិជ្ជាជីវ:ជាកងរាជអាវុធហត្ថ និងស្របតាមអនុសាសន៍ទាំង៩ចំណុចរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕ ដោយ:ឃិន គន្ធា