​លោក​អូ​បា​ម៉ា​បង្ហាញ​វិធានការ​ពង្រឹង​សន្តិសុខ​នៅ​អឺរ៉ុប​ខាងកើត ក្នុង​គម្រោង​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ

នៅ​ថ្ងៃ​អង្គារ​នេះ ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ូឡូញ ប្រធានាធិបតី​អាមេរិក បានប្រកាស​វិធានការ​ពង្រឹង​សន្តិសុខ​ការពារ​អឺរ៉ុប​ខាងកើត ដោយ​បាន​ស្នើ​ជា​គម្រោង​ទឹកប្រាក់​មួយ​ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នេះ ស្ថិត​ក្នុង​បន្ទុក​របស់​អាមេរិក​។ រដ្ឋាភិបាល​អាមេរិក​នឹង​លើក​

គម្រោង​ពង្រឹង​សន្តិសុខ​អឺរ៉ុប​ខាងកើត​នេះ ឡើង​ទៅ​សភា​។ ទន្ទឹមនេះដែរ លោក​អូ​បា​ម៉ា​ក៏​បាន​អំពាវនាវ​អោយ​បណ្តា​ប្រទេស​អឺរ៉ុប​ជា​សមាជិក​អង្គការ អូ​តង់ ដំឡើង​ថវិកា​យោធា​បន្ថែម​ទៀត​ដែរ​។​

​ក្នុង​ទស្សនកិច្ច​នៅ​ក្រុង​វ៉ា​សូវី ប្រទេស​ប៉ូឡូញ ថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​អាមេរិក​បាន​ស្នើ​នូវ​គម្រោង​ផែនការ​ពង្រឹង​សន្តិសុខ​នៅ​អឺរ៉ុប ខាងកើត ដោយ​បាន​ស្នើ​ថា អាមេរិក​នឹង​ផ្តល់​១​ពាន់​លាន​ដុល្លារ សម្រាប់​ការពង្រឹង​សន្តិសុខ​នេះ​។ ផែនការ​ពង្រឹង​សន្តិសុខ​លើកឡើង​ដោយ​លោក​អូ​បា​ម៉ា​ ​មាន​ទិសដៅ​ពង្រាយ កងកម្លាំង​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត ទាំង​ជើងគោក ជើង​ទឹក និង​ទាំង​ផ្លូវអាកាស​បន្ថែមទៀត​។ គម្រោង​នេះ​ក៏​មាន​ទិសដៅ​ពង្រីក​សមត្ថភាព​ការពារ​របស់​ប្រទេស​មិនមែនជា សមាជិក​អង្គការ​អូ​តង់ បែប​យ៉ាង​អ៊ុ​យក្រែន ហ្ស​ក​ហ្ស៊ី និង​ម៉ុល​ដាវី​ផងដែរ​។​
​រដ្ឋាភិបាល​អាមេរិក​នឹង​លើក​យក​គម្រោង​ពង្រឹង​សន្តិសុខ​នៅ​អឺរ៉ុប ខាងកើត ឡើង​ទៅ​សភា​អាមេរិក​។ នេះ​ជា​វិធានការ​ជាក់ស្តែង​របស់​អាមេរិក ដើម្បី​ធានា​ការពារ​សន្តិសុខ​ដល់​ប្រទេស​ដៃគូ​នៅ​អឺរ៉ុប​ខាងកើត​។ លោក​អូ​បា​ម៉ា​ក៏​បាន​សន្យា​ដែរ​ថា អាមេរិក​នឹង​ពង្រីក​ការចូលរួម​ផ្នែក​ជើង​ទឹក​នៅ​អង្គការ​អូតង់ បន្ថែមទៀត​។ 
 
​ថ្ងៃ​អង្គារ​នេះដែរ លោក​អូ​បា​ម៉ា​បាន​អំពាវនាវ​អោយ​បណ្តា​ប្រទេស​សមាជិក​អង្គការ​អូ​តង់ ដំឡើង​ថវិកា​ការពារជាតិ​បន្ថែមទៀត​។ ប្រធានាធិបតី​អាមេរិក​បាន​បរិហារ​ពី​ការ​ដែល​អឺរ៉ុប​បាន​កាត់បន្ថយ​ថវិកា យោធា ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​កន្លងមក​នោះ​។ ប្រធានាធិបតី​ប៉ូឡូញ លោក ប្រូនី​ស្លាវ កូ​ម៉ូ​រ៉ូ​វ​ស្គី បាន​សន្យា​ដំឡើង​ថវិកា​ការពារជាតិ​របស់​ប៉ូឡូញ ដោយ​លើកឡើង​ថា ដោយសារ​ស្ថានភាព​សន្តិសុខ​ផ្លាស់ប្តូរ ក្រោយ​រុស្ស៊ី​ភ្ជាប់​តំបន់​គ្រីមេ​អ៊ុយ​ក្រែន​ក្នុងទឹកដី​រុស្ស៊ី​នោះ រដ្ឋាភិបាល​ប៉ូឡូញ​នឹង​ដំឡើង​ថវិកា​ការពារជាតិ អោយបាន​២​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​។ សព្វថ្ងៃនេះ ថវិកា​ការពារជាតិ​ប៉ូឡូញ​មាន​១,៩៥​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​៕  ​

Obama