ស្រូវប្រជាពលរដ្ឋ១៧ហិចតាក្នុងស្រុកអូរជ្រៅត្រូវភ្លើងឆេះ

0

ដោយ អ ពៅ

បន្ទាយមានជ័យ៖ ដោយសារតែការដុតកញ្ច្រាំងរបស់កសិករដែលប្រមូលផលរួចស្រូវប្រជាពលរដ្ឋចំនួន១៧ ហិចតា ស្ថិតក្នុងឃុំចង្កា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាន

ភ្លើងឆាបឆេះខ្ទេចគ្មានសល់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍ភ្លើងឆេះស្រែខាងលើ គឺបណ្ដាលមកពី ការដុតកញ្ច្រាំងស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រមូលផល រួចរាល់ បណ្តាលរាលដាលឆេះស្រូវប្រជាពលរដ្ឋដែលមិនទាន់បានប្រមូលផល អស់ចំនួន១៧ ហិចតា ។ ជាមួយនិងហេតុការណ៍នេះ លោកបានចាត់កម្លាំងនគរបាលរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅអន្តរាគមន៍ជួយពន្លត់ដោយសារតែរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅរួចព្រោះដីស្រែនៅមានលក្ខណៈសើម និងដក់ទឹកនៅឡើយ ទើបកម្លាំងនគរបាល ជួយពន្លត់ភ្លើងដោយប្រើមែកឈើ វាយពន្លត់ ។
លោកស្នងការក៍បានស្នើសុំបងប្អូនប្រជាពលរដ្ឋ ដែលលោកច្រូតស្រូវរួចហើយ សូមមេត្តាកុំដុតកញ្ជ្រាំង ដែលបណ្តាលឲ្យឆេះរាលមកស្រែប្រជាពលរដ្ឋ ដែលគាត់មិនទាន់ច្រូតកាត់។
គួរំលឹកថា កន្លងមកហេតុការណ៍ភ្លើងឆេះព្រៃ ឬស្រែប្រជាពលរដ្ឋ តែងកើតឡើងជាញឹកញាប់ ដោយសារ ការដុតកញ្ច្រាំងស្រូវ ការដុតភ្នួកភ្លើងចោលតាមស្រែ ការចោលកន្ទុយបារីផ្តេសផ្តាស ជាដើម ៕