ខេត្តកែប៖រសៀលថ្ងៃទី26 ខែធ្នូ ឆ្នាំ2016 ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យសភាពការណ៍និងផ្សព្វផ្សាយទិសដៅបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយត្រី អុីង សំអុល ស្នងការនគរបាលខេត្ត និងការចូលរួមពីលោក លោកស្រីស្នងការរងនគរបាលខេត្ត អនុប្រធានការិយាល័យកណ្តាល ប្រធាន អនុប្រធានការិយាល័យ ក្រុមចំរុះនគរបាលខេត្តប្រចាំឆ្នេរកែប កោះទន្សាយ ក្រុមចំរុះនគរបាលខេត្តចុះជួយប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ អធិការ អធិការរងពាក់ព័ន្ធ និងនាយ នាយរងប៉ុស្តិ៍ទាំងអស់ ដែលមានកំលាំងសរុប116នាក់។
តាមរបាយការណ៍ខែធ្នូ បទល្មើសព្រហ្មទណ្ឌកើតឡើង3/3លើក ប្រៀបនិងខែវិច្ឆិកា មានចំនួនដូចគ្នា ក្នុងនោះមានករណីលួចម៉ូតូ1លើក និងអំពើហឹង្សា2លើក ។ករណីខាងលើនគរបាលមូលដ្ឋានកំពុងស្រាវជ្រាវ ។ដោយឡែកស្ថានភាពបទល្មើស និងគ្រោះថ្នាក់ផ្សេងៗពុំមានកំណើនទេ ។
លោកឧត្តមសេនីយត្រី អុីង សំអុល ស្នងការនគរបាលខេត្ត បានផ្សព្វផ្សាយផែនការលេខ 045 ផ ក ចុះថ្ងៃ26 ធ្នូ 2016 ដែលផ្តោតសំខាន់ទៅលើបញ្ហា1ចំនួនដូចជា:
1/ការរៀបសន្តិសុខ សណ្តាប់ធ្នាប់ថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលយាងនិងអញ្ជើញតាមខ្សែរថភ្លើង ភ្នំពេញ ព្រះសីហនុ នាថ្ងៃ30.12.2016 ខាងមុខនេះ។
2/ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ពិព៍ណពាណិជកម្មនិងទេសចរណ៍ឆ្នាំ2016(29ដល់31ធ្នូ2016) ដែលមានការចូលរួមពីពាណិជករជាតិ និងពាណិជករមកពីប្រទេសថៃ ព្រមទាំងការសម្តែងសិល្បៈកំសាន្តរៀងរាល់យប់ផងដែរ នៅសាលាខេត្ត និងឆ្នេរជ្រោយដូង។3/ការរៀបចំបុណ្យប្រណាំងទូកផ្កាចារសមុទ្រប្រចាំឆ្នាំ នាព្រឹកថ្ងៃ31.12.2016 ដែលមានទូកដាក់ពាក្យចូលរួមប្រលងប្រណាំងប្រមាណជិត40ទូកនៅឆ្នេរកែប។
4/ការរៀបចំបង្ហោះគោម បាញ់កាំជ្រួច និងរៀបចំពិធីឆ្លងឆ្នាំសកល2016 ចូលឆ្នាំថ្មី2017 នៅឆ្នេរកែប ឆ្នេរជ្រោយដូង ឆ្នេរថ្មី ផ្សារក្តាម ដែលតាមការប៉ាន់ស្មានមានមនុស្សរាប់សែននាក់មកចូលរួម។
លោកឧត្តមសេនីត្រី ស្នងការនគរបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាជន ភ្ញៀវទេសចរណ៍មកចូលរួមកំសាន្តឱ្យបានច្រើនកុះករនិងនែនាំគ្រប់ផ្នែកគ្រប់ថ្នាក់ ត្រូវសហការគ្នាឱ្យបានល្អ ជាមួយកំលាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ពិធីទាំងអស់ខាងលើ និងប្រជាជនក្នុងមូលដ្ឋានឱ្យមានសុវត្ថិភាពល្អបំផុតផងដែរ៕