រថយន្តដឹកឈើគ្រញូងលោតឆ័ត្រមួយគ្រឿងត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់បាន

0

 

ព្រះវិហារ៖ រថយន្តដឹកឈើកម្រប្រភេទគ្រញូងមួយគ្រឿង ត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកឆែប ដឹកនាំដោយលោក សុខ មុន្នីរិទ្ធិ អភិបាលរងស្រុក បានធ្វើការចាប់ឃាត់បាននៅលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
រថយន្តខាងលើដែលសមត្ថកិច្ចឃាត់បានម៉ាកTOYOTA Camry (បាឡែន) ពាក់ស្លាកលេខ ភ្នំពេញ 2E-9225 ដឹកជញ្ជូនឈើគ្រញូងចំនួន ១៤ដុំ ស្មើនឹង ១៥៤គីឡូក្រាម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ (ជនជាតិវៀតណាម)។ ជនសង្ស័យទី១ ឈ្មោះ វ៉ាន់ ខាង ភេទប្រុស ទីលំនៅភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី២ឈ្មោះ នួន កៀវ ភេទប្រុស ទីលំនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ និងទី៣ មិនទាន់ស្គាល់អត្តសញ្ញាណ។
លោក សេង លាង នាយសង្កាត់កំពង់ស្រឡៅ បានឲ្យដឹងថា ដោយសារមានការណែនាំចង្អុលបង្ហាញពីសំណាក់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឲ្យមន្រ្តីជំនាញក្រោមឱវាទយកចិត្តទុកដាក់ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ទើបនៅថ្ងៃទី២៨ ខែធ្នូនេះ លោកបានទទួលព័ត៌មានសម្ងាត់រាយការមកថា មានរថយន្តភិនភាគខាងលើដឹកឈើគ្រញូង ចេញពីក្រុងព្រះវិហារ តាមបណ្តោយផ្លូវជាតិលេខ៩ គោលដៅដឹកចូលទៅខេត្តរតនគីរី ទើបលោកសហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆែប បានដាក់កម្លាំងចាំស្ទាក់ឃាត់រថយន្តមុខសញ្ញាខាងលើ លុះមកដល់គោលដៅត្រួតពិនត្យក៏ធ្វើការឃាត់បានទាំងរថយន្ត និងជនសង្ស័យ។
បច្ចុប្បន្ន វត្ថុតាងមានរថយន្ត ឈើគ្រញូង ជនសង្ស័យខាងលើ កំពុងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។