កំពង់ចាម: រថយន្តកាមរីកែច្នៃ១គ្រឿងដឹកឈើប្រណិតពេញ បានបង្កគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យបែកកង់មុខ១គ្រប់ទៅមុខលែងរួច ហើយត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបតែម្ដង ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៦ នៅលើស្ពានគីហ្សូណាត្រើយខាងកើត ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តកាមរីកែឆ្នៃមួយគ្រឿងដឹកឈើប្រណិតប្រភេទធ្នង់មុខកាត់ពី២០ទៅ៣០សង់ទីម៉ែត្រ ប្រវែងជាង២ម៉ែត្រចំនួន១២ដុំ បើកបរពីទឹសខាងលិចឆ្ពោះទៅកើត គឺពីខេត្តកំពង់ចាមឆ្ពោះទៅខេត្តត្បូងឃ្មុំ ដើម្បីយកទៅលក់បន្តនៅប្រទេសវៀតណាម តែសំណាងអាក្រក់រថយន្តបានបើកទៅបុកជាមួយរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យបែកកង់មុខ១គ្រប់ទៅមុខលែងរួច ហើយអ្នកបើកបររថយន្តដឹកឈើបានរត់គេចខ្លួនបាត់ ទើបកម្លាំងសមត្ថកិច្ចនគរបាលធ្វើការរឹបអូស រថយន្តដឹកឈើប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើតែម្ដង ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
ប្រភពបានបន្តឲ្យដឹងថា បានជាសមត្តកិច្ចបង្ក្រាបក៍ព្រោះតែរថយន្តដឹកឈើប្រណិតនេះ បានជួបគ្រោះថ្នាក់ចារាចរណ៍ ជាមួយរថយន្តមួយគ្រឿងទៀត ហើយបែកកង់ធ្វើដំណើទៅមុខលែងរួចទើបបានជាសមត្ថកិច្ចមកបង្ក្រាប ដោយគេមានការសង្សយ័ថា រថយន្តដឹកឈើនេះពិតជាមានការឃុបឃិតជាមួយសមត្តកិច្ចតាមដងផ្លូវ ពីខេត្តកំពង់ចាមរហូតដល់ខេត្តត្បូងឃ្មុំ ទើបហ៊ានដឹកដូចអេតចាយបែបនេះ។
បច្ចុប្បន្ន រថយន្តដឹកឈើប្រណីតខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕