កំពង់ចាម: យ៉ាងហោចណាស់មនុស្ស២នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់២ករណីផ្សេងគ្នា ដែលករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខផ្សារភ្នំដិល ស្ថិតក្នុងឃុំតាំងក្រំាង ស្រុកបាធាយ ដែលបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៍ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ2H-7205 បានបើកទៅបុកជាមួយអ្នកធ្វើដំណើរឆ្លងថ្នល់ ពីត្បូងទៅជើង បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះគឹម សុអ៊ីម អាយុ៥០ឆ្នាំ ស្លាប់បាត់បង់ជីវិតនៅក្រោមរថយន្ត ហើយអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។
ដោយឡែកករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងត្បូងស្ថានីយថ្លឹងរថយន្តថ្នល់កែង ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តនិង ម៉ូតូសណ្ដោងរម៉ក ដោយ រថយន្តម៉ាក តាកូម៉ាពណ៍ស្លែ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2H-8941 បើកបរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយ ម៉ូតូសណ្ដោងរម៉ក១គ្រឿង បណ្តាលឲ្យជនរងគ្រោះឈ្មោះសៅ សុខឌុល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិចុងដូង ឃំុចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំដែលមានទិសដៅស្របគ្នា ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុសមត្ថកិច្ចបានដកហូតវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕