ជាប់​ពន្ធនាគារ​រយៈ​ពេល​៦ឆ្នាំ​ពី​បទ​ប្លន់​ ចេញមកវិញ​លួច​ម៉ូតូ​គេ​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​គុក​វិញ​

0

កំពង់ចាម​:​ ជនសង្ស័យ​ម្នាក់​ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​៦ឆ្នាំ​ ដោយ​សារ​ករណី​ប្លន់​​ តែ​មិន​ព្រម​កែប្រែ​គំនិត​ទេ​ គឺ​ពេល​ចេញ​មក​វិញ​នៅ​តែ​បន្ត​សកម្មភាព​លួច​ប្លន់​ដដែល​ ទីបំផុត​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ចាប់​ឃាត់​ខ្លួន​ កាល​ពី​វេលាម៉ោង​៣និង​៣០នាទី​ល្ងាច​ ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ដែលនឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ជា​ថ្មី​ម្ដង​ទៀត​។
សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​កំពង់ចាម​បាន​ឲ្យដឹងថា​ ជនសង្ស័យ​ដែល​​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នេះ​ មាន​ឈ្មោះ ជា រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខឯកជន​ភ្នំពេញ មានទីលំនៅមិនពិតប្រាកដ ដោយ​បានលួចម៉ូតូ១គ្រឿង​ ម៉ាកសេ១២៥ សេរី២០១៤ ពាក់ស្លាកលេខ​ ​តាកែវ1J-2714 របស់​ជនរងគ្រោះ​ឈ្មោះ​អំ​ ចាន់​ធឿន​ ភេទស្រី​ អាយុ​២៨ឆ្នាំ​ នៅ​ភូមិ​បឹង​កុក​ទ២​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ដែល​ជនរងគ្រោះ​បាន​ទុក​នៅពីក្រោមផ្ទះ​របស់​ខ្លួន​។
ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ពាក់​បណ្តឹង​ពី​ជនរងគ្រោះ​ ក៏​បានផ្តល់ដំណឹងទៅ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​ ដើម្បីសហការ​ណ៍​ ជាលទ្ធផលគឺឃាត់ខ្លួនបានជនសង្ស័យខាងលើ​ រួមជាមួយ​និងវត្ថុតាង ម៉ូតូមួយគ្រឿងផងដែរ។
សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ជនសង្ស័យ​កន្លង​មក​ធ្លាប់ជាប់ពន្ធនាគារ​ រយៈពេល៦ឆ្នាំ​ម្ដង​រួច​ហើយ​ ពីបទប្លន់ប្រដាប់អាវុធ​ និង​បច្ចុប្បន្នកំពុងប្រើប្រាស់សារធាតុញៀនផងដែរ។
បច្ចុប្បន្ន​ កម្លាំងជំនាញកំពុងតែ​កសាង​សំណុំ​រឿង​ ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ ដើម្បី​ចាត់​ការ​បន្ត​តាម​និតិវិធី​ច្បាប់​ ៕