ខេង ឧត្តម
សៀមរាប៖ ប្រភពច្បាស់ការណ៍មួយបានទម្លាយឲ្យដឹងថា៖នៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រ ឃុំចាន់ស ស្រុកសូទ្រនិគម មានមន្ត្រីអាវុធហត្ថខេត្តសៀមរាបចំនួន២នាក់បានធ្វើការស្ទាក់ចាប់គោយន្តកន្ត្រៃដឹកឈើរបស់ពលរដ្ឋចំនួនមួយគ្រឿងរួចដោះលែងវិញជាថ្នូរ
នឹងលុយ១៥០០ដុល្លារ។ប្រភពបន្តថា៖ការដឹកឈើ បន្តិច បន្តួច របស់ពលរដ្ឋនេះដែរ គឺត្រូវបានបង់លុយ ឲ្យសមត្ថកិច្ចជំនាញ ដែលឈរជើង នៅតាមដងផ្លូវ គ្មានសល់កន្លែងណា មួយនោះទេ។ប៉ុន្តែ មិនដឹងហេតុអី បានមកចាប់យកលុយបន្ថែមពីលើខ្ទង់នោះទៀត។ម្ចាស់គោយន្តកន្ត្រៃ បានប្រាប់ថា៖អាវុធហត្ថដែលមកចាប់ឈើរបស់គាត់នោះមានឈ្មោះ លី ហួតហៅ តួក និងឈ្មោះស៊ុយជាអាវុធហត្ថស្រុកប្រាសាទបាគង។លោកបន្តថា៖នៅព្រឹកនោះពួកគាត់ទាំង២នាក់កាក់គោយន្តកន្ត្រៃរួចទាមទារលុយ២០០០ដុល្លារតែសម្រួលគ្នាត្រឹម១៥០០ដុល្លារទើបពួកគាត់យល់ព្រមដោះលែងឲ្យចេញ។លោកបន្ថែមថា៖តាមពិតមុនដំបូងឈ្មោះ ស៊ុយ បានសុំទិញឈើនោះតែគាត់មិនលក់ឲ្យ ទើបគាត់បើកគោយន្តចេញមកតែម្តង។ចំណែកលោកអនុសេនីយ៍ឯក លី ហួត ហៅតួក មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី៤នេះដោយហៅចូលជាច្រើនដងតែគ្មានអ្នកទទួល។
ទាក់ទិននឹងករណីនេះដែរលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប មិនអាចទាក់ទងសុំការពន្យល់ពីលោកបានទេ នៅព្រឹកថ្ងៃទី៤នេះ ដោយសារហៅ ទូរស័ព្ទទៅលោក ចូលតែគ្មានអ្នកទទួល។
ជុំវិញករណីនេះដែរ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោក កើត វណ្ណារ៉េត បានថ្លែងថា៖ករណីនេះលោកនៅមិនទាន់ដឹងទេ។ប៉ុន្តែលោកស្នើឲ្យ ជនរងគ្រោះ មកដាក់ពាក្យ បណ្តឹងនៅតុលាការ៕