កងទ័ពវៀតណាមចំណាយថវិកាជាង៧០ម៉ឺនដុល្លាសង់ផ្ទះសំណាក់មួយខ្នងជូនកងទ័ពកម្ពុជាក្នុងខេត្តស្ទឹងត្រែង !

0

ដោយ ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖អង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង នៃយោធភូមិភាគទី១កម្ពុជា ទទួលបានអគារផ្ទះសំណាក់មួយខ្នង ដែលមានតម្លៃជាង៧០ម៉ឺនដុល្លា ពីយោធាខេត្តខាញ់ហ័រ កងទ័ពប្រជាជនវៀតណាម សំរាប់ជាជំនួយក្នុងការរកសេដ្ឋកិច្ចផ្គត់ផ្គង់បន្ថែម លើគោលរបបកងទ័ព ដើម្បីពង្រីក និងថែរក្សាបាននូវចំណងសាមគ្គីភាពល្អ មិត្តភាពរឹងមាំ និងយូរអង្វែង។
កាយវិការរបស់កងទ័ពវៀតណាមនេះ បានប្រព្រឹត្តទៅមុនពេលដែលកម្ពុជា ត្រៀមធ្វើពិធី៧មករារំលឹកខួប៣៨ឆ្នាំ ដែលមានការដឹងគុណកិច្ចសហការរបស់វៀតណាម ដែលជួយរំដោះកម្ពុជាចេញផុតពីរបបខ្មែរក្រហមប៉ុលពត។
នៅព្រឹកថ្ងៃ៤មករានេះ ថ្នាក់ដឹកនាំយោធារបស់តំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង បានធ្វើបដិសណ្ឋារកិច្ច ទទួលស្វាគមន៍គណៈប្រតិភូយោធាខេត្តខាញ់ហ័រ កងទ័ពប្រជាជនវៀតណាម ក្នុងពេលប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់ផ្ទះសំណាក់១ខ្នងជូនកងទ័ពកម្ពុជា នៅផ្នែកសិករងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
មេបញ្ជាការរងតំបន់ប្រតិបត្តិាការសិករងស្ទឹងត្រែង លោកវរៈសេនីយ៍ឯក ឃុន វណ្ណា បានថ្លែងថា ការបង្ហាញវត្តមាន របស់របស់គណៈប្រតិភូយោធាវៀតណាម ដឹកនាំដោយលោកវរៈសេនីយ៍ឯកង៉ូ កួងជុង នៅលើទឹកដីខេត្តស្ទឹងត្រែងនេះ គឺជាសក្ខីភាព នូវចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការយ៉ាងស្និតរមួត រវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរៈភូមិន្ទកម្ពុជា ។លោកថា ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ ផ្តើមឡើងពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងយោធាខេត្តខាញ់ហ័រ និងតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង ដែលអនុវត្តន៍ទៅតាមគោលនយោបាយ នៃរដ្ឋាភិបាល ប្រទេសទាំងពីរកម្ពុជា វៀតណាម បាននាំមកនូវជាលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈក្នុងរយះពេលកន្លងមក។
មេបញ្ជាការយោធាខេត្តខាញ់ហ័រវៀតណាម លោកវរៈសេនីយ៍ឯក ង៉ូ កួងជុង បានថ្លែងថា ក្រោមកិច្ចសហប្រតិបត្តិការល្អ រវាងយោធាខេត្តស្ទឹងត្រែង និងយោធាខេត្តខាញ់ហ័រ គណៈកម្មាធិការបក្ស គណៈកម្មាការប្រជាជន និងអង្គភាពយោធាខេត្តខាញ់ហ័រ នៃកងទ័ពប្រជាជនវៀតណាម បានជួយថវិកាប្រមាណ៧៥ម៉ឺនដុល្លា សំរាប់សាងសង់អគារផ្ទះសំណាក់១ខ្នង ជូនយោធាខេត្តស្ទឹងត្រែង កម្ពុជា ក្នុងការរកចំណូលបន្ថែម ជួយដល់សេដ្ឋកិច្ចកងទ័ព ក្នុងការបំពេញមុខងារ។ លោកថា អគារផ្ទះសំណាក់១ខ្នងនេះ សង់ឡើងក្នុងកំពស់១ជាន់ មានទំហំទទឹង១៧,៥ (១៧ម៉ែត្រកន្លះ) និងមានបណ្តោយប្រវែង២៩ម៉ែត្រ មាន២០បន្ទប់ និងប្រើរយះពេលប្រមាណជា១២ខែ ដើម្បីបញ្ចប់ក្នុងការសាងសង់។
បន្ទាប់ពីបានបញ្ចប់ នូវពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់ផ្ទះសំណាក់កងទ័ពនោះរួចមក គណៈប្រតិភូវៀតណាម បានចូលរួមក្នុងកិច្ចប្រជុំមួយ នៅអង្គភាពតំបន់សិករងស្ទឹងត្រែង នោះថែមទៀត ។ កិច្ចប្រជុំរវាងមេយោធាខេត្តស្ទឹងត្រែង និងមេយោធាខេត្តខាញ់ហ័រនៅពេលនោះ បានផ្តោតសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ និងបន្តរឹតចំណងសម្ព័ន្ធមេត្រីភាព រវាងកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យនៅតែមានភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែងជានិច្ច។
មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន លោកបានថ្លែងថា គណៈបក្សប្រជាជន ជាគណៈបក្សកាន់អំណាច បន្តដាក់ចេញនយោបាយជាយុទ្ធសាស្ត្រ នៃសម្ព័ន្ធភាពជាប្រពៃណីដែលមិនអាចបំភ្លេចបាន គឺ សម្ព័ន្ធភាព កម្ពុជា វៀតណាម និងឡាវ ជាពិសេស កិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានលើកឡើងថា នៅរយះកាលកន្លងមក យោធាខេត្តខាញ់ហ័រ កងទ័ពប្រជាជនវៀតណាម បានជួយឧបត្ថម្ភ គាំទ្រ ដល់យោធាខេត្តស្ទឹងត្រែងយ៉ាងច្រើនលើសលុប គឺ នៅឆ្នាំ២០០៨-២០០៩ ជួយកសាងអគារ និងសាលប្រជុំ១ខ្នង មាន៦បន្ទប់ អគារសេនាធិការ១ខ្នង មាន៧បន្ទប់ បំពាក់តុ ទូ កៅអី និងគ្រែដេក ។ឆ្នាំ២០១០-២០១១ ជួយកសាងគិលានដ្ឋាន១ខ្នង មាន៦បន្ទប់ បំពាក់តុ ទូ កៅអី និងគ្រែដេករបស់អ្នកជំងឺ ចាកសាបបន្ទប់ទឹកចំនួន២ សង់អគារធ្វើការ១ខ្នង អគារស្នាក់១ខ្នង ជូនអង្គភាពវរៈសេនាតូចលេខ១ ឆ្នាំ២០១២-២០១៣ ជួយសង់អគារធ្វើការ២ខ្នង និងអគារស្នាក់នៅ២ខ្នង ជូនកងអនុសេនាធំទី១ កងអនុសេនាធំទី៣ នៃវរៈសេនាតូចលេខ១ ឆ្នាំ២០១៣-២០១៤ ជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺន១ពាន់ដុល្លា ដើម្បីកសាងអគារធ្វើការ អគារស្នាក់នៅ ជីកស្រះ ចាក់ដី របស់ផ្នែកសិករងថាឡាបរិវ៉ាត់ និងជួសជុលអគារ៣ខ្នងរបស់យោធាខេត្ត និងនៅឆ្នាំបន្តបន្ទាប់មកទៀត កងទ័ពវៀតណាម នៅតែបន្តជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី និងនៅថ្ងៃ៤មករា២០១៧នេះទៀត យោធាខេត្តខាញ់ហ័រ កងទ័ពប្រជាជនវៀតណាម បានជួយអគារផ្ទះសំណាក់១ខ្នង កំពស់១ជាន់ មាន២០បន្ទប់ ជូនអង្គភាពសិករងស្ទឹងត្រែងនោះថែមទៀត។
លោកឧត្តមសេនីយ៍ ស្វាយ ញ៉ន បានថ្លែងអំណរគុណ នូវទឹកចិត្តសប្បុរសធម៌ របស់កងទ័ពប្រជាជនវៀតណាម ចំពោះយោធាខេត្តស្ទឹងត្រែង កម្ពុជា ។លោកសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាព សាមគ្គីភាពនេះ នឹងនៅស្ថិតស្ថេរជារៀងរហូត៕