ខេង ឧត្តម
សៀមរាប៖ កម្លាំងនគរបាលចម្រុះបានសហការគ្នាតាមចាប់ជនសង្ស័យដែលចូលអារ.ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួលនៅក្រុងសៀមរាប នៅស្រុក
ជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ខែមករាឆ្នាំ២០១៧នេះ។លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងនគរបាលទទួលបន្ទុកកណ្ដាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា មុខសញ្ញាដែលជា ជនសង្ស័យ ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួលនោះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ ដោយជនសង្ស័យ ឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកបន្តថា៖ប្រតិបត្តិការតាមចាប់ខ្លួនជនជាឃាតកនេះត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ កម្លាំងនគរបាលតាមបណ្តាខេត្ត ព្រមទាំងកម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋល្អដែលបានជួយរាយការណ៍ពីករណីនេះ។
សូមរម្លឹកថា៖ ជនរងគ្រោះ៣នាក់ ត្រូវបានជនចិត្តឆៅចូលអារ.ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍ឃាតកម្មដល់សាហាវនេះ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងនឹង ខេត្តសៀមរាប។ ក្នុងហេតុការណ៍ឃាតកម្មនេះបណ្ដាលឲ្យជនរងគ្រោះ២នាក់ដេកស្លាប់ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា ៕