កំពង់ឆ្នាំង៖ ជនសង្ស័យ៤នាក់ជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀនត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ក្រោយសមត្ថកិច្ច រកឃើញសំបកស្បោងចែកចាយ និងប្រើប្រាស់ថ្នាំញៀនរាប់រយកញ្ចប់នៅលើផ្ទះរួចមកនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង តាមដីកាចែកឆេររបស់លោកព្រះរាជអាជ្ញាសាលាដំបូខេត្ត កាលពីថ្ងៃទី០៤ ខែមិថុនា។
លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖ជនសង្ស័យទាំង៤នាក់ដែលត្រូវបញ្ជូនទៅតុលាការខេត្តនោះគឺៈ ១ឈ្មោះ ទុយ គឹមអឿន អាយុ២៥ឆ្នាំម្ចាស់ផ្ទះ និងជាអ្នកចែកចាយថ្នាំញៀន ទើបតែចេញពីគុកកាលពី៣ខែមុនពីបទចែកចាយថ្នាំញៀន រូបគេរស់នៅក្នុងភូមិសង្កាត់ខាងលើ ២ឈ្មោះ វ៉ាត គឹមឈៀង អាយុ២០ឆ្នាំ ជាសិស្ស
មានផ្ទះនៅក្នុងស្រុកជលគីរី មកស្នាក់នៅរៀនសូត្រក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ៣ឈ្មោះ ឆែម ថនពេជរតនា អាយុ១៩ឆ្នាំ ជាសិស្ស រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ជាកូនលោកប្រធានមន្ទីរម្នាក់ ៤ឈ្មោះ សេន ថា អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ជាកូនមន្ត្រីនគរបាលម្នាក់ ពួកគេជាមិត្តភក្ត័នឹងគ្នា។
សមត្ថកិច្ចបានអោយដឹងថា៖ តាមច្បាប់ស្តីពីគ្រឿងញៀន អ្នកចែកចាយគ្រឿងញៀនត្រូវផ្តន្ទាទោសដាក់គុក ២ឆ្នាំ។ ចំណែកអ្នកប្រើប្រាស់គ្រឿងញៀនត្រូវផ្តន្ទាទោសពី១ខែទៅ៦ខែ។ រីឯឈ្មោះ វ៉ាត គឹមឈៀង ជាអ្នកចែកចាយគ្រឿងញៀនដ៏សកម្មនេះ បានជាប់ពន្ធ នាគារតែជាង១ខែប៉ុណ្ណោះ ត្រូវបានក្រុមគ្រួសារគេរត់ការដោះលែងពីពន្ធនាគារបានវិញ។
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ពេលសមត្ថកិច្ចនាំជនសង្ស័យទាំង៤នាក់និងវត្ថុតាងមានស្បោងច្រកថ្នាំញៀនរាប់រយកញ្ចប់ ម៉ូតូ២គ្រឿង និងទូរសព្ទ័៨គ្រឿង ទៅដល់ អយ្យការសាលាដំបូងខេត្ត អ្នកសារព័ត៌មួយក្រុមបានព្យាយាមសុំថតរូបជនសង្ស័យតែត្រូវ បាន មន្ត្រីនគរបាលការពារសាលាដំបូងខេត្តឃាត់មិនអោយថត ដោយនិយាយថាលោក ព្រះរាជអាជ្ញាសាលាដំបូងខេត្តមិនអនុញ្ញាតិអោយថតរូបទេ ចាំតុលាការធ្វើការសិន។
ករណីខាងលើនេះត្រូវបានលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ប្រគល់អោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង ជាអ្នកកាន់សំណុំរឿងនេះ។ ប្រជាពល រដ្ឋក្នុងក្រុងកំពង់ឆ្នាំងរង់ចាំថា៖ តើអ្នកចែកចាយគ្រឿងញៀនដ៏សកម្មខាងលើ ត្រូវបានតុលាការឃុំខ្លួនដែរឬទេ និងអាចដាក់គុកគេបានប៉ុន្មានខែទៀត៕