ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃមួយ-ម្លូព្រៃពីរ និងលោកអនុភូមិពោធិ៍ទាប ដឹកនាំដោយលោក អភិបាលរងស្រុកឆែប ចុះបង្ក្រាបបទល្មើសសន្និធិឈើអារដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ដោយបានប្រមូលឈើអារប្រភេទលេខ២ (ផ្តៀក ត្រាច)
ចំនួន១៥,៨៣៤ម៉ែត្រត្រីគុណ និងបានដឹកជញ្ជូនយកមករក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។
ដោយឡែកមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើរវៀង នៃផ្នែករដ្ឋបាលព្រៃឈើរវៀង ចុះល្បាត និងបានឃាត់ចាប់រថយន្ត ០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-4064 ដឹកជញ្ជូនឈើអារប្រភេទលេខ១ ចំនួន ១,២៧៣ម៉ែត្រត្រីគុណ នៅតាមដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្ន វត្ថុតាង និងមធ្យោបាយដឹកជញ្ជូនល្មើសច្បាប់ត្រូវបានយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។
ដោយ មាន វណ្ណតារា