កងពលធំអន្តរាគមន៍លេខ៣បានប្រារព្ធពិធីសំណេះសំណាលនិងបំពាក់ឋានន្តរសក្កិជូនដល់នាយទាហានដែលបាន ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៧៩ចុះ

0

សួន លីណា

ព្រះវិហារ៖ នៅទីបញ្ជា្កការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ បានប្រារព្ធពិធីបំពាក់ឋានន្តរស័ក្ក ជូនដល់នាយទាហាន ដែលបានចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៧៩ចុះ ចំនួន១០៧នាក់

ចាប់ពីថ្នាក់អនុសេនីទោ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដំណាងដ៏ ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ គណៈប្រតិភូ ក្រសួងការពារជាតិ និងមានការចូលរួមពីឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង មកពី បណ្តាកងពលតូចទាំង៣ ចំណុះកងពលធំអន្តរាគមន៍លេខ៣ នៅព្រឺកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចំរុះ មេបញ្ជាការកងពលធំអត្តរាគមន៍លេខ៣ មានប្រសាសន៍ថា ថ្ងៃនេះកងពលធំអន្តរាគមន៍លេខ៣ទាំងមូល មានគិត្តិយសដ៏ឧត្តុងឧត្តម និងមានមោតនៈភាពយ៉ាងក្រៃលែងដោយបាន ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលា ដ៏មមាញឹក អញ្ជើញដឹកនាំប្រតិភូ មកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងបំពាក់ឋានន្តរសក្កិជូនដល់នាយទាហាន ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដេលបានចូលបម្រើក្នុងជួរកងទ័ព ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ដែលជានិច្ចកាលសម្តេចតែងបានយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាក និងបានផ្តល់នូវអ្វីៗគ្រប់បែបយ៉ាង ដូចបានឃើញនៅពេលនេះស្រាប់ សម្តេច បានសម្រេចតម្លើងឋានន្តរសក្កិ ជូនដល់នាយទាហាន ដោយមិនគិតពីអតីតកាល ឬនិន្នាការនយោបាយអ្វីទាំងអស់ គឺឈរលើគោលនយោបាយ ឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិកម្ពុជាតែមួយ ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៊ុនថន នាយករង នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ បានអានព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីប្រកាស់ និងសេចក្តីសម្រេច ស្តីពីការតម្លើងឋានន្តរសក្តិជូននាយទាហាន ដែលបានចូលបម្រើ កងទ័ពក្នុងឆ្នាំ១៩៧៩ចុះ ក្នុងនោះចាប់ពីថ្នាក់ អនុសេនីយ៍ទោ ២នាក់ អនុសេនីយ៍ឯក ២នាក់ វរសេនីយ៍ត្រី ១៩នាក់ វរសេនីទោ ៣៨នាក់ វរសេនីយ៍ឯក ៣៣នាក់ ឧត្តមសេនីយ៍ត្រី ១៣នាក់ សរុបចំនួន ១០៧នាក់ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នេះគឺជាគោលនយោបាយថ្មីមួយ របស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើ អតីតភាពរបស់កងទ័ពដែលលះបង់ ក្នុងកតព្វកិច្ចបម្រើជាតិរយៈពេលយូ ព្រោះថាជានិច្ចកាល រាជរដ្ឋាភិបាល ក៏ដូចជាអគ្គបញ្ជាការក្រសួងការពារជាតិ តែងតែបានយកចិត្តទុកដាក់ខ្ពស់អំពីជីវភាព និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធយើងទាំងអស់គ្នាជានិច្ច បើយើងប្រៀបធៀបអំពីប្រអប់ ឋានន្តរសក្កិ និងតួនាទីប្រទេសកម្ពុជាយើងមានការកើនឡើងខ្ពស់ ជាងប្រទេសជិតខាងបើគិតជាភាគរយ ។ ឯកឧត្តមបានបញ្ជាក់ថា ការដំឡើងឋានន្តរសក្កិ ជំហាន១នេះ គឺយើងយកឆ្នាំ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្រ្ត ហើយក៏ជាថ្ងៃដែលយើងបានបញ្ចប់ នៅរបបប្រល័យពូជសាសន៍ពលពត ហើយជំហានបន្តបន្ទាប់ទៀតរាជរដ្ឋាភិបាល និងបន្តខិតខំផ្តល់ជូននៅតួនាទី និងឋានន្តរសក្កិដល់កងទ័ពយើងបន្តទៀត នៅឆ្នាំ២០១៧នេះ ៕