កំពង់ធំ ៖ ក្រុមអជីវករលក់ទំនិញ កំពុងតែលេបត្របាក់ផ្លូវមួយខ្សែក្បែរសួនច្បារដំរីជាន់ខ្លា ស្ថិតនៅក្នុង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បង្ករឲ្យមានភាពកកស្ទះចរាចរ ដោយពុំអាចឆ្លងកាត់បាន ជាហេតុបណ្តាលឲ្យ មានការសង្ស័យថា អាជ្ញាធរក្រុង ប្រហែលជាប្រុងលក់ផ្លូវ មួយខ្សែនេះ ឲ្យទៅជាកម្មសិទ្ធ របស់ក្រុមអជីវករ លក់បង្អែម បបរស ទេដឹងបានជា ពុំមានចំណាត់ការ ។
ទិដ្ឋភាពដែលគួរឲ្យទើសភ្លែក ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ដែលមកទស្សនាសួនដំរីជាន់ខ្លា ដែលមាន រូបសំណាក់ដំរី និងសត្វខ្លាមួយគូរ និងបានកសាងឡើងតាមរឿងព្រេងនាយ តាំពីបុរាណ និងជារូបសំណាក់ តំណាងឲ្យខេត្តកំពង់ធំ តែបែរជា នៅចំនុចផ្លូវមុខសួនច្បារដំរីជាន់ខ្លា មានភាពរញ៉េរញ៉ៃ កកស្ទះចរាចរ ដោយ ក្រុមអជីវករ បានយកកង់ ម៉ូតូ ឡាន ចតទទឹងទទែង គ្មានសណ្តាប់ធ្នាប់ ហើយជាការខ្វះចន្លោះរបស់ អាជ្ញាធរខេត្តផងដែរ ដែលបានបណ្តែតបណ្តោយឲ្យមានការ អ្នកលក់បន្តតុចេញពី តូបដែលកំណត់ឲ្យលក់ រហូតដល់៥ទៅ៦ម៉ែត្រ ។
តាមការឲ្យដឹងពីអាជ្ញាធរក្រុងស្ទឹងសែន បានឲ្យដឹងថា សាលាក្រុងបានរៀបចំ តូបលក់ឲ្យក្រុមអជីវករដោយ មានសណ្តាប់ធ្នាប់ តាមជួរត្រឹមត្រូវ តែចំពោះក្រុមអជីវករពុំបានអនុវត្តតាម ការណែនាំរបស់សាលាក្រុងនោះ ទេ បែរជានាំគ្នាបង្ខិតតុ កៅអ៊ី មកមុខលើសពីចំនុចឲ្យលក់ ដល់ទៅ៥ម៉ែត្រ ដោយបានបង្ខិតតាមគ្នា ចង់លក់ ដាច់ដូចគ្នា ទើបបណ្តាលឲ្យកកស្ទះរកផ្លូវចេញចូលពុំបាន ។
លោក ហុក រិន អភិបាលក្រុងស្ទឹងសែន បន្ទាប់ពីទទួលបានពត៌មាន ថាមានការលក់លើកំណាត់ផ្លូវហាម ឃាត់លោកបាន បញ្ជាកំលាំងជាបន្ទាន់ឲ្យចុះទៅរៀបចំសណ្តាប់ធ្នាប់ភ្លាមៗ ។
លោក ញ៉ែម ឈុនលី អធិការ ក្រុងស្ទឹងសែន បានឲ្យដឹងថា ចាប់ពីថ្ងៃនេះទី នឹងត្រូវបានរៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបឡើងវិញ ដោយ មិនបណ្តោយឲ្យមានការ លក់លើសពីទីតាំងកំណត់នោះទេ ដើម្បីលើកស្ទួយសោភ័ណភាព សួនច្បារឡើង វិញ ។
ប្រជាពលរដ្ឋ ក្នុងក្រុងស្ទឹងសែន បានសំណូមពរ ដល់អាជ្ញាធរក្រុងស្ទឹងសែន សូមឲ្យមានការកែលំអរឡើង វិញនូវបរិវេណសួនដំរីជាន់ខ្លា និងមានការជួសជុលផ្លូវប៉ែកខាងលិចសួនច្បារ ព្រោះនៅពេលដែលមានភ្លៀង បានក្លាយទៅជា ត្រពាំងបឹងបួរ ដែលមើលទៅដូចអន្លង់បាយខុម បង្ករឲ្យខូចខាតស្ទើរតែទាំងស្រុង ដោយពុំ មានស្ថាប័នណា ចេញមុខជួសជុលនោះទេ ។