សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់តាមរយះរថយន្តសាំយ៉ុង ចេញពីឃុំមានរិទ្ធសមត្ថកិច្ចមិនមានវិធានការ

0

កំពង់ធំ. ជារៀងរាល់យប់ គេប្រទះឃើញមានរថយន្តដឹកជញ្ជូនឈើ ប្រភេទលេខ២ ដោយពុំមានច្បាប់អនុញ្ញាតិ ក្នុងមួយយប់ជាង១០ឡាន តែគេពុំឃើញមានសមត្ថកិច្ចណាម្នាក់ មានវិធានការបង្រ្កាប និងទប់ស្កាត់នោះឡើយ ទោះជាមានបញ្ជាពីអភិបាលខេត្តកំពង់ធំ ព្រមានជាច្រើនលើកក៏ដោយក៏សកម្មភាពដឹកជញ្ជូននៅតែដឹកបន្តគ្នាដូចហែកះឋិន។

តាមប្រភពព័ត៍មានច្បាស់ការ បានឲ្យដឹងថា រថយន្តសាំយ៉ុង និងរថយន្តកូរ៉េ បានដឹកឈើចេញពីចំនុចភូមិ ៩៩ ស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយរថយន្តប្រភេទសាំយ៉ុងបានដឹកចេញមតាមផ្លូវស្រុកសណ្តាន់ឆ្ពោះមកទំលាក់ឈើនៅផ្សាកំពង់ធំ ចំណែករថយន្តកូរ៉េ ប្រភេទ៥តោន ដែលត្រូវបានគេស្គាល់ឈ្មោះ ចែឡែន មានប្តី ឈ្មោះ ម៉ុនជាប៉ូលិសស្រុកបារាយណ៍ បានអែបអាងតួនាទីប្តីជាប៉ូលិស ដឹកឈើដោយពុំចាំបាច់សុំច្បាប់ អនុញ្ញាតិ ដោយសារតែមានការត្រូវរ៉ូវគ្នាជាមួយនឹងផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្តាន់ ត្រូវបានដឹកជញ្ជូន តាមផ្លូវឃុំក្រយៀ យកមកទំលាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជាក់ស្តែងយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ រថយន្តសាំយ៉ុងចម្រុះពណ៌. ជាច្រើនគ្រឿងបានបន្តដឹកជញ្ជូន ឈើ មានឈើតាប់ និងឈើប្រភេទក្តា.ដែលត្រូវបានគេដឹងថាជាឈ្មួញដឹកឈើ រស់នៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានដឹកយកទៅដាក់នៅដេប៉ូថ្នល់បែក និងដេប៉ូឈើតាមបណ្តោយមាត់ស្ទឹង ផ្សារស្ទឹងសែន ។

សូមបញ្ជាក់ផងដែរថា កន្លងមកនេះអភិបាលខេត្តកំពង់ធំ បានព្រមានជាច្រើនលើក មកលើមន្រ្តីសមត្ថកិច្ចពាក់ព័ន្ឋ មិនអោយមានការពាក់ព័ន្ឋនឹងបទល្មើសព្រៃឈើ ហើយឲ្យរួមគ្នាទប់ស្កាត់បទល្មើស តែទោះជាមានការហាមឃាត់បែបនេះក្តី ក៏បទល្មើសរិតតែមានការកើនឡើងជាលំដាប់ ជាហេតុធ្វើឲ្យមានការសង្ស័យថាប្រហែលជាមានការបង្កប់នូវអំពើពុករលួយ ទើបរថយន្តដឹកបទល្មើសអាចចរាចរណ៍បានដោយរលូន។

ដោយ បុ៑ន. រដ្ឋា