ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបានបើកប៉ះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យម៉ូតូរងការខូចខាត សំណាងល្អអ្នកជិះម៉ូតូរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៤ នៅតាមបណ្តោយ
ផ្លូវ៣៧១ ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌លឿងចាស់លាយខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-1212 ធ្វើដំណើរតាមផ្លូវ៣៧១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បានបើកទៅគៀរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1C-6823 ជិះដោយបុរសម្នាក់ស្របទិសគ្នា បណ្តាលម៉ូតូដួលរងការខូចខាតប៉ុន្តែមនុស្សគ្រាន់តែរបួសស្រាលដោយសារលោតចេញពីលើម៉ូតូផុត។ បើតាមសម្ដីភាគីខាងម៉ូតូថាភាគីខាងរថយន្តបើកមកគៀរខ្លួន ចំណែកឯភាគីខាងរថយន្តថា ម៉ូតូបើកគេចក្រឡុកហើយវេចង្កូតមកប៉ះរថយន្តគាត់។
ទោះបីជាភាគីទាំង២ដោះស្រាយយកត្រូវរៀងៗនៅតែមិនត្រូវ ទើបសមត្ថកិច្ចសម្រេចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកអធិការខណ្ឌមានជ័យដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕