ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូធុនធំម៉ាក Pulsa ក្នុងល្បឿនលឿនក៏បានជ្រុលទៅបុកពីក្រោយម៉ូតូណៃហតជិះដោយប្ដីប្រពន្ធនិងកូនម្នាក់ បណ្តាលឱ្យប្ដីប្រពន្ធធ្លាក់ពីលើម៉ូតូ ហើយម៉ូតូបានរុលទៅមុខជាមួយក្មេងតូចអាយុ៤ឆ្នាំជាង៥០ម៉ែត្របោកផ្ទប់ក្បែរចិញ្ចើមផ្លូវរងរបួសស្រាល
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៤នៅចំណុចមុខហាង លក់ផ្លែឈើស្រីមុំ តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូធុនធំម៉ាក Pulza មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BU-5666 ជិះដោយបុរសម្នាក់ស្រវឹងស្រា ភ្នែក ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏បានទៅបុកម៉ូតូណៃហត មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-7902 ជិះដោយបុរសម្នាក់ឌុបប្រពន្ធពីក្រោយនិងកូនប្រុសពីមុខលើធុងសាំង ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីត្បូងទៅជើង(ស្របទិសគ្នា) ចំពីក្រោយពេញទំហឹងបណ្តាលឱ្យប្ដីប្រពន្ធធ្លាក់ពីលើម៉ូតូចំណែកកូនជាប់នៅលើម៉ូតូរុលទៅមុខជាង៥០ម៉ែត្របោកផ្ទប់ក្បែរចិញ្ចើមផ្លូវ រងរបួសធ្ងន់ស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចបានសម្របសម្រួលឱ្យភាគីទាំងពីរនៅនិងកន្លែងកើតហេតុតែម្តង ៕