អាជ្ញាធរជាតិព្រះវិហារ ជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់រួមគ្នា ថែរក្សា និងអភិរក្ស តំបន់រមណីយ៍ដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ!

0

ព្រះវិហារ៖ ដោយឃើញពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការកាប់បំផ្លាញ រុករានដីព្រៃខុសច្បាប់ ប្រធានអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម គឹម សេតារា បានជម្រុញឲ្យកងកម្លាំងប្រដាប់អាវុធ

អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណារួមគ្នាថែ រក្សា និងអភិរក្សធនធានព្រៃឈើ នៅតំបន់រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ ។ ការថ្លែងនេះ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិព្រះវិហារ ឆ្នាំ២០១៦ និងលើកទឹសដៅផែនការសកម្មភាពឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋាន កងអង្គរក្សសម្តេចតេជោ ឋិតក្នុងភូមិស្រឯមជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ។ ឯកឧត្តមបន្តថា ព្រៃឈើជាផ្នែកមួយដ៍សំខាន់ ក្នុងការគ្រប់គ្រងរមណីយដ្ឋាន បេតិកភណ្ឌពិភពលោក ហើយព្រៃឈើផ្តល់ផលប្រយោជន៍ច្រើនយ៉ាង ដល់ជីវភាពសហគមន៍មូលដ្ឋាន លើកកម្ពស់សោភណភាពរមណីយដ្ឋាន និងអាចមានសក្តារនុពលសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនាពេលអនាគត និងមួយផ្នែកព្រៃឈើផ្តល់ផលប្រយោជន៍ដល់មនុស្ស និងសត្វ ពិសេសព្រៃឈើមានតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការប្រែប្រួលអាកាស់ធាតុលើផែនដី ។
ជាមួយគ្នានេះដែរ លោក ប៉ែន ឡាម មេឃុំស្រយ៉ង់ ក៏បានសាទរចំពោះចំណាត់ការថ្មីរបស់អាជ្ញាធរជាតិព្រះវិហារ សូមបញ្ជាក់ថា ផ្ទៃដីអភិរក្សតំបន់ប្រាសាទព្រះវិហារ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារ មានចំនួន ៤៨០៨០ហិតា និងតំបន់អភិរក្សប្រាសាទកោះកែរ មានផ្ទៃដីចំនួន ៨១០០០ហិតា ៕ សួន លីណា