ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបានបុកគ្នានៅចំណុចផ្លូវបែកជាបួនធ្វើអោយរងការខូចខាតរងរបួសទាំងសងខាង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៤ នៅត្រង់ចំនុចផ្លូវព្រះសីហនុកែងផ្លូវលេខ១៣៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២
ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1A-9232 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ហើយបំរុងបត់ឆ្វេងទៅផ្លូវលេខ១១៣ ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា វេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-2536 ជិះគ្នា២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅច្រាស់គ្នា បណ្ដាលអោយបុកចំគ្នាពេញទំហឹង សំណាងភាគីទាំងសងខាងគ្រាន់តែរងរបួសស្រាល។
បន្ទាប់ពីកើតហេតុភាគីទាំង២បានចរចាគ្នាដោយភាគីខាងម៉ូតូវេវអាល់ហ្វាសងសំណងដល់ភាគីម៉ូតូហុងដាឌ្រីមចំនួន២៥ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕