ភ្នំពេញ ៖ ករណីហិង្សាមួយបង្កឡើងដោយសារតែការបើកបរមិនយោគយល់គ្នារវាងអ្នកបើករ៉ឺម៉កម៉ូតូនិងអ្នកជិះម៉ូតូគុប រហូតបណ្តាលឱ្យភាគីទាំងសងខាងរងរបួសធ្ងន់រៀងៗ ខ្លួនសូម្បីតែប៉ូលិសមូលដ្ឋានដែលចុះទៅអន្តរាគមន៍ក៏រងរបួសក្រោមកណ្តាប់ដៃរបស់មន្ត្រីប៉ូលិសសក្តិ៤ម្នាក់មក
ជួយអន្តរាគមន៍ភាគីម៉ូតូគុបផងដែរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៤ នៅចំណុចផ្លូវ១៦BT ស្ថិតនៅក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុននិងកើតមានហិង្សានេះឡើងគេឃើញបុរសម្នាក់បានបើករ៉ឺម៉កម៉ូតូតាមផ្លូវ១៦BT ហើយបានស៊ីផ្លេរសុំវ៉ាម៉ុតូគុបមួយគ្រឿងនៅខាងមុខដែលជិះដោយបុរស២នាក់ នៅពេលនោះម៉ូតូគុបក៏បានបើកវ៉ារ៉ឺម៉កម៉ូតូវិញរហូតមកដល់ចំណុចកើតហេតុភាគីម៉ូតូគុបបានឈប់ពីមុខរ៉ឺម៉កម៉ូតូរួចចុះពីលើម៉ូតូទាញមួកកាពាសុវត្តិភាពវាយទៅលើក្បាលអ្នករត់រ៉ឺម៉កម៉ូតូនិងបានវាយទៅលើរ៉ឺម៉កម៉ូតូ រហូតធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចេញមកមើលហេតុការណ៍យ៉ាងច្រើន និងបានទូរសព្ទ័ហៅប៉ូលិសមូលដ្ឋានឱ្យជួយអន្តរាគមន៍ ។
ភ្លាមៗប៉ូលិសមូលដ្ឋានសង្កាត់បឹងទំពុន២នាក់បានមកដល់កន្លែងកើតហេតុក៏បានសួរនាំទៅជនបង្កថា ហេតុអីបានជាវ៉ៃគេអញ្ជឹង គ្រាន់តែសួរនាំតិចតួចពីហេតុការណ៍ មិនទាន់បានចម្លើយផង ពេលនោះភាគីបង្កបានទូរសព្ទ័ហៅបក្ខពួកគេមកជួយអន្តរាគមន៍ មួយសន្ទុះក្រោយមកគេបានឃើញបុរសម្នាក់ជិះម៉ូតូ XR មួយគ្រឿង ពណ៌ខ្មៅ ស្លៀកពាក់ឯកសណ្ឋានមន្ត្រីប៉ូលិសសក្តិ៤ មានឈ្មោះ សេង វិនឌី ពាក់អត្តលេខ ៥៨២៤២ បានមកដល់កន្លែងកើតហេតុហើយបានទៅក្របួចកអាវ ប៉ូលិសមូលដ្ឋាន ដោយសួរថា អ្ហែង សក្តិប៉ុន្មាន ហើយអញសក្តិ៤ ហើយចង់នាំគេទៅណា(នាំជនបង្ក)? ពេលនោះមន្ត្រីប៉ូលិសសក្តិ៤នោះបានដកកាំភ្លើងចេញមកក្រៅ ភ្លាមៗដែរប៉ូលិសមូលដ្ឋានម្នាក់ក្នុងចំណោម២នាក់បានលោតទៅឱបចង្កេះមន្ត្រីសក្តិ៤ ហើយក៏ត្រូវប៉ូលិសសក្តិ៤នោះក្រវាត់ដៃទៅចំមាត់ប៉ូលិសមូលដ្ឋានទាំង២នាក់រងរបួស។
គួរបញ្ជាក់ថាជនបង្កម្នាក់ដែលជិះម៉ូតូគុបនោះត្រូវបានប្រជាពលរដ្ឋព្រួយគ្នាវាយរងរបួសធ្ងន់ផងដែរចំណែកបុរសបើករ៉ឺម៉កម៉ូតូក៏រងរបួសធ្ងន់ ។ក្រោយពេលកើតហេតុទាំងជនបង្កនិងមន្ត្រីសក្តិ៤ រួមជាមួយមន្ត្រីមូលដ្ឋាន២នាក់ត្រូវនាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនហើយជាលទ្ធផលស្មើគ្នាគឺគ្មានអ្នកឈ្នះហើយក៏គ្មានអ្នកចាញ់។ ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះមន្ត្រីប៉ូលិសសក្តិ៤ ដែលចេញមុខមកកាងជនបង្កថែមទាំងបង្កហិង្សា និងដកកាំភ្លើងគ្មានច្បាប់ទំលាប់ គួរណាថ្នាក់លើមានវិធានការចំពោះបុគ្គលរូបនោះ បែរជាសម្របសម្រួលត្រឹមតែស្មើរគ្នាទៅវិញ៕