រថយន្ត ក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ បុកម៉ូតូអ្នកលក់លៀសហាល បណ្តាលឱ្យរបួស ប្រុស ស្រី ចំនួន៥នាក់

0

ខេង ឧត្តម

សៀមរាប៖ រថយន្ត ក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ បើកក្នុងល្បឿនលឿន ពីសៀមរាប ទៅភ្នំពេញ បានឡើងវ៉ា រថយន្តផ្សេងទៀតមិនផុត ជ្រុលទៅបុក ម៉ូតូលក់លៀសហាល រួចក្រឡាប់ផ្ងាជើងឡើងលើ បណ្តាលឱ្យរបួស ស្រាល ប្រុស ស្រី ចំនួន៥នាក់ បង្ក

ឱ្យមានការកកស្ទះ ចរាចរមួយសន្ទុះ ខណៈពេលនោះ អ្នកបើកបររថយន្តក្រុង ចុះរត់ គេចខ្លួនបាត់ ស្រម៉ោល ទើបសមត្ថកិច្ច ជំនាញ ទៅដល់ រួចធ្វើការវាស់វែង ដើម្បីស្ទួច យករថយន្ត នោះចេញ។ ហេតុការគ្រោះថ្នាក់ ចរាចរនោះបានកើតឡើង នៅវេលាម៉ោង៩ និង៤០នាទី ព្រឹកថ្ងៃទី២៤ ខែមករា២០១៧ ស្ថិតនៅលើផ្លូវជាតិ លេខ៦A ក្នុងភូមិថ្នល់ដាច់ ឃុំ សង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការដ្ឋាននគរបាល ស្រុកជីក្រែង បានប្រាប់ ថា មានរថយន្តក្រុង របស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ ដឹកអ្នកដំណើរ៤៦នាក់ ពីលិចទៅកើតស្របទិសគ្នា ខណៈបានឡើងវ៉ារថយន្ត មួយគ្រឿងទៀត ប៉ុន្តែមិនផុត ក៏យកបង្កូតមកវិញ រួចជ្រុលទៅបុក ជាមួយម៉ូតូ អ្នកលក់លៀសហាល បណ្តាលឱ្យ របួសធ្ងន់ស្រាល ចំនួន៥នាក់ក្នុងនោះស្រី២នាក់ លោកបានឱ្យ កម្លាំងជំនាញ ចុះទៅដល់គោលដៅ ដើម្បីធ្វើការវាស់វែង រួចហៅឡានមកស្ទួច យករថយន្តក្រុង ឡើងមកលើ។ លោកបានបន្តថា រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យឯកជន មកដឹកយកអ្នករងគ្រោះទាំង៥នាក់(ស្រី២នាក់) ទៅសង្គ្រោះភ្លាមៗ ។លោកបានបញ្ជាក់ថា ជនរងគ្រោះអ្នកលក់លៀសហាល មានឈ្មោះ យី សេងហឿង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង (របួសស្រាល) រីឯ អ្នកបើកបររថយន្តក្រុង ដឹកភ្ញៀវរបស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ ដែលបើកស្របទឹសគ្នា រួចបុកម៉ូតូអ្នកលក់លៀស ក្រោយពេលកើតហេតុបាន ចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តម៉ាកYUN DAI ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ ៣.A.២៥.៤០។ចំណែក ប្រុស ស្រី ចំនួន៤នាក់ ដែលរងរបួសស្រាលនោះ នៅមិនទាន់បានស្គាល់ឈ្មោះ នោះទេ ព្រោះមិនដឹងចូលទៅពេទ្យណាខ្លះ។ បច្ចុប្បន្នរថយន្តក្រុង របស់ក្រុមហ៊ុនពន្លឺខ្មែរ និងម៉ូតូជនរងគ្រោះ នោះត្រូវបានសមត្ថកិច្ចនគរបាល របស់អធិការស្រុកជីក្រែង បានអូសយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកជីក្រែង ដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់៕