សមត្ថកិច្ចខេត្តសៀមរាបកំពុងស៊ើបអង្កេតរកមុខជនដៃដល់ដែលវាយរូបចម្លាក់យាយទេពមកផ្ដន្ទាទោស

0

ខេង ឧត្តម
សៀមរាប៖ រូបក់ចម្លាក់ យាយទេព ដែលពលរដ្ឋខ្មែរ និង ភ្ញៀវទេចរណ៍អន្តរជាតិ តែងតែគោរព ត្រូវជន់មិនស្គាល់មុខម្នាក់ បានជិះកង់ទៅឈប់ រួចហើយឡើងទៅលើអាសនៈ ដោះខ្សែក្រវាត់ និង យកស្បែកជើងវាយ ទៅលើរូបចម្លាក់យាយទេព បណ្ដាលឱ្យរូបចម្លាក់នោះ

 មានស្នាម ប្រេះបែកតិចតួច ហេតុការនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣១នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។
លោកអ៊ុំប្រុសម្នាក់អាយុ៧៦ឆ្នាំ សុំមិនប្រាប់ឈ្មោះ គាត់មានប្រសាសន៍ថា រូបចម្លាក់យាយទេពនេះ គឺគាត់តែងមកគោរពបូជាតាំងតែពីគាត់មានអាយុជាង ១០ឆ្នាំមកម្ល៉េះ។ចុះហេតុអ្វី បានមកវាយ បំផ្លាញរូបចម្លាក់ថ្មបុរាណនោះដែរ។


អ្នកស្រី សៀន ចាន់ឌី បានឪ្យដឹងថា គាត់មានជំនឿទៅលើបារមីយាយទេព យ៉ាងខ្លាំង ជារៀងរាល់ថ្ងៃសីល គាត់តែងតែយក ធូប ទៀន និងគ្រឿងតង្វាយ មកគោរពបូជា ចំពោះយាយទេព ដោយគាត់ជឿថា រូបចម្លាក់លោកយាយទេពនេះ ពិតជាមានបារមីសក្ដិសិទ្ធិ គឺបែរបន់ចង់បានអ្វីប្រាកដជា សម្រេចដូចបំណង របស់គាត់។អ្នកស្រី បញ្ជាក់ថា គាត់សែនរន្ធត់ និងសោកស្ដាយ បន្ទាប់ពីបានឭថា មានជនមិនស្គាល់មុខបានទៅវាយបំផ្លាញ ធ្វើឱ្យខូចខាតយ៉ាងនេះ។
ប្រជាពលរដ្ឋស្នើឪ្យ សមត្ថកិច្ចនគរបាល និង កងរាជអាវុធហត្ថខេត្តសៀមរាប គួរតែបង្កើន ការពារសន្តិសុខនៅកន្លែងទីសក្ការៈយាយទេព មិនគួរបណ្ដោយឱ្យ ជនមួយចំនួន ឆ្លៀតឱកាស ទៅវាយបំផ្លាញ វត្ថុដែលខ្មែរគ្រប់រូប មានជំនឿគោរពបូជា និងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបានតាមតែអំពើចិត្តដូច្នេះទេ។
លោក ស៊ឹម សាន អ្នកមើលខុសត្រូវ និងបោសសំអាតកន្លែងយាយទេព បានឪ្យដឹងថា នៅយប់កើតហេតុនោះ គាត់បានទៅផ្ទះ ស្រាប់តែឭគេប្រាប់ថា មានមនុស្សលួចវាយ រូបសំណាកយាយទេព លោកក៏មកមើលវិញ ប៉ុន្តែពេលមកដល់ គឺជនដៃដល់ បានចេញបាត់ទៅហើយ។ លោកបន្តថា ពេលពិនិត្យមើលរូបចម្លាក់នោះ ឃើញគេវាយបែកចុងច្រមុះបន្តិច ហើយលោកក៏ប្រញាប់យកកាវ និងកម្ទេចថ្មមកជួសជុលវិញ។ លោក ស៊ឹម សាន បញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពរបស់ព្រះរាជដំណាក់ថតបានសកម្មភាព របស់អ្នកវាយបំផ្លាញ រូបចម្លាក់នោះ យ៉ាងច្បាស់។
លោក ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកព្រហ្មទណ្ឌ បញ្ជាក់ថា ពេលនេះកម្លាំងប៉ូលិសជាច្រើននាក់កំពុងតាមស៊ើបអង្កេតរកមុខជនដៃដល់ ដើម្បីមកផ្ដន្ទាទោស៕