ខេត្តរតនគិរីៈ កម្លាំងសមត្ថកិច្ច២ស្ថាប័នគឺសមត្ថកិច្ចប្រធានការិយាល័យប្រចាំការព្រំដែនប្រចាំទិស និងសមត្ថកិច្ចអធិការកិច្ចមូលដ្ឋានទ័ពជើងគោកចំនួន២នាក់បានចាប់ម៉ូតូដឹកឈើប្រណិតចំនួន៣០គ្រឿងជំរិតទារប្រាក់ ប៉ុន្តែចរចារគ្នាមិនត្រូវទើបប្រជាពលរដ្ឋផ្ទុះកំហឹងរំដោះមធ្យោបាយ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចប៉ុស្តិ៍ភ្នំក្រហមច្រករបៀង ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
ប្រភពពត៌មានពីម្ចាស់ម៉ូតូដឹកឈើប្រណិតមួយរូបបានអោយដឹងថា ពួកគាត់មានគ្នា៣០នាក់ និងដឹកឈើប្រណិតតាមម៉ូតូចំនួន៣០គ្រឿងចេញពីស្រុកអូរយ៉ាដាវឆ្លងកាត់ឃុំប៉កញ៉ៃ ភូមិឡំ ដើម្បីឆ្លងកាត់ប៉ុស្តិ៍ច្រករបៀងភ្នំក្រហម យកទៅលក់នៅប្រទេសវៀតណាម ដល់ចំណុចកើតហេតុសមត្ថកិច្ច២ក្រុមមានគ្នា២នាក់ឈ្មោះ ឆាយ សុវណ្ណរ៉ា ជាកម្លាំងសមត្ថកិច្ចប្រធានកិច្ចការព្រំដែនព្រំដែនប្រចាំទិស និងឈ្មោះអេង ពៅ អធិការកិច្ចកងទ័ពជើងគោកអ្នកទាំង២នាកបានស្ទាក់ចាប់ម៉ូតូទាំង៣០
គ្រឿង ប៉ុន្តែម៉ូតូ២០គ្រឿងត្រូវម្ចាស់បើកគេរួច ហើយម៉ូតូ១០គ្រឿងត្រូវសមត្ថកិច្ចពីរក្រុមចាប់បានរួចម្ចាស់ម៉ូតូទាំង១០គ្រឿងចរចារជាមួយសមត្ថកិច្ចដោយអោយម៉ូតូ១គ្រឿង១០ម៉ឺនរៀល និងប្រគល់ឈើប្រណិតអោយទៀតរួចសុំតែម៉ូតូ ហើយនៅតែសមត្ថកិច្ចមិនព្រមទៀត រួចសមត្ថកិច្ចនោះជួលគោយន្តដឹកឈើប្រណិតនិងម៉ូតូដឹកបទល្មើសយកមកដល់មុខមូលដ្ឋានកងទ័ពការពារដែន ស្រាប់តែប្រជាពលរដ្ឋផ្ទុះកំហឹងនាំគ្នាកាន់កាំបិត ពូថៅ គល់ឈើរាប់សិបនាក់ ស្ទាក់ផ្លូវជាតិលេខ៧៨ ហើយអ្នកបើកគោយន្តដឹកម៉ូតូ និងឈើប្រណិតក៏មានការភ័យខ្លាចក៏បើកគោយន្តគោយន្តចូលវិញ ជាហេតុបណ្តាលឲ្យម្ចាស់ឈើ និងម៉ូតូនាំគ្នាទៅរំដោះម៉ូតូពីលើរថយន្តទាំងអស់។
ជុំវិញការចាប់ម៉ូតូដឹកឈើប្រណិតចំនួន១០គ្រឿង និងគេចរួច២០គ្រឿងនៅប៉ុស្តិ៍ភ្នំក្រហមនេះដែរលោកឡេង យុគ មានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៦ ខែមិថុនា នេះថា លោកជាប់មានភារកិច្ចដូច្នេះសួរទៅលោក ផាន់ ភឺន នាយរងខណ្ឌរដ្ឋបាលព្រៃឈើអ្នកអនុវត្តផ្ទាល់។
គួរបញ្ជាក់ថាប្រជាពលរដ្ឋចោទលោកឆាយ សុវណ្ណរ៉ា ប្រធានផ្នែកប្រចាំទិស និងលោកអេង ពៅអធិការកិច្ចកងទ័ពជើងគោក គឺដៃម្ខាងចាប់បទល្មើសអោយបង់លុយ និងដៃម្ខាងទៀតជួញដូរបទល្មើសខ្លួនឯង ហើយការចោទប្រកាន់ខាងលើនេះបុគ្គលទាំង២រូបមិនអាចសុំការបកស្រាយណាមួយបានទេ៕