ខេត្តប៉ៃលិន៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈពេលម្នាស់ផ្ទះធ្វើការបោសសំអាត់ ក្នុងផ្ទះរបស់ខ្លួន ដោយមានក្លិនស្អុយខ្លាំងពេក ក៏តាមទៅមើល ស្រាប់តែឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនលើធ្នឹមផ្ទះមុខបន្ទប់ផ្លួវឡើងជាន់ទី១ ។ ហេតុការណ៏ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ ក្នុងផ្ទះសំណាក់ឡាយ ឃាង ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សពជនរងគ្រោះដែលចងក.ធ្វើអត្តឃាតខ្លួនឯង រហូតដល់ហើមស្អុយនេះ ឈ្មោះ ហែម ហុន ភេទប្រុស អាយុ៤៤ឆ្នាំ ជាអតីតមន្ត្រីនគរបាលកាន់ផ្នែកគណនេយ្យនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានបញ្ហារឿងលុយកាក់ ត្រូវមេដកចោលកាលពីឆ្នាំ២០០២ មានស្រុកកំណើតរស់នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមកស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបាន រៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះ ឈ្មោះ ឡាយ ឃាង អាយុ៦៧ឆ្នាំ បានទទួលដំណឹងពីភ្ញៀវដែលជួលផ្ទះរបស់ខ្លួនស្នាក់នៅថា មានធុំក្លិនស្អុយចម្លែកខុសពីប្រក្រតី ។ ពេលនោះម្ចាស់ផ្ទះមានការសង្ស័យក៏ បានដើរបោសសម្អាតនៅតាមទីធ្លាមុខផ្ទះសំណាក់ ហើយក៏ចេះតែធុំក្លិនស្អុយដូចអ្វីដែលគេបានប្រាប់មែន ទើបគាត់បោសសម្អាតបណ្តើរហិតតាមរកក្លិនបណ្តើរ ស្រាប់តែក្រឡេកមើលទៅខាងលើបន្តិច ឃើញសពបុរសខាងលើចងក.ដោយខ្សែអង្រឹងព្យួរនៅជាប់នឹងធ្នឹម ខាងមុខបន្ទប់ផ្ទះសំណាក់ដែលជាងធ្វើមិនទាន់រួចរាល់ ។
ប្រភពបន្តទៀតថាគ្រាន់តែឃើ ញភ្លាមម្ចាស់ផ្ទះស្ទើរតែគាំងបេះដូងដួលស្លាប់ម្នាក់ឯង ព្រោះគាត់មានរោគាប្រចាំកាយ ហើយក៏ត្រដររត់បណ្តើររិតទ្រូងបណ្តើរ ទៅប្រាប់កូនចៅ និងបងប្អូនឱ្យទៅពិនិត្យមើលសពនោះ រួចក៏ប្តឹងសមត្ថកិច្ចឱ្យចុះទៅពិនិត្យតែម្តង ។
លោកវេរៈសេនី៏យត្រី ជូ រិន នាយរងការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ បានមានប្រសាសន៏ឲ្យដឹងថា៖ សពជនរងគ្រោះដែលចងកធ្វើអត្តឃាតឈ្មោះ ហែម ហុន ភេទប្រុស អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។លោកបន្តថា សពជនរងគ្រោះអាចធ្វើអត្តឃាត ប្រហែល ៤ទៅ៥ថ្ងៃមកហើយ បានជាសាកសពមានក្លិនស្អុយ ហើមដូច្នោះ ហើយបើ តាមការពិនិត្យសាកសព និងកន្លែងកើតហេតុ ឃើញថាជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចងកខ្លួនឯង។ក្រោយពីធ្វើកោសល្យវិច្ឆ័យរួចរាល់ សពជនរងគ្រោះត្រួវបាន សមត្ថកិច្ចប្រគល់ជួនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕