ខេត្តសៀមរាបៈ ប្រាសាទនាគព័ន្ធ គឺជាប្រាសាទតូចមួយស្ថិតនៅលើកោះ ទំហំ ៣៥០ម បួនជ្រុង បានសាងសង់ឡើងនៅរាជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ដែលមានសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ កាលដើមឡើយ នៅតំបន់ប្រាសាទនាគព័ន្ឋនេះ ពុំមានទឹកហុំព័ទ្ធជុំវិញនោះទេ ទើបតែមកដល់សម័យសម្តេចតេជោ ហ៊ុន សែន បានកែប្រែតំបន់ប្រាសាទឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ដោយបានទប់ ទឹកមកវិញ ដែលជំនាន់មុខហៅថាបារាយណ៍ខាងកើត ។
ក្រោយពីបារាយខាងកើតមានទឹកពេញ ប្រាសាទនាគព័ន្ឋប្រៀបបាននឹងនៅលើកោះមួយ យ៉ាងស្រស់ស្អាត ប្រកបដោយ ធម្មជាតិ ក្នុងនោះអាជ្ញាធរអប្សរាបាន សាងសង់ស្ពានឈើ ប្រវែងជាង២០០ម សម្រាប់ភ្ញៀវទេសចរណ៍ដើរឆ្លងទៅទស្សនា ប្រាសាទនាគព័ន្ឋ ទិដ្ឋភាពទាំងនេះបានធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ មកកំសាន្តជាច្រើន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។
លោក សុខ ធី ដែលជាអ្នកដឹកភ្ញៀវបានឲ្យដឹងថា ការសាងសង់ស្ពានឈើនេះ បានជួយលើកកម្ពស់សោភ័ណភាព មួយកំរិត ថែមទាំងបានទាក់ទាញឲ្យភ្ញៀវមកទស្សនាជាច្រើន ភ្ញៀវមួយចំនួនគឺភ្ញៀវខ្មែរ ដែលបានមកកំសាន្ត ដោយបានថតរូបជាមួយនឹងស្ពានឈើដ៏វែង សំដៅទៅរកប្រាសាទ មិនតែប៉ុណ្ណោះបានធ្វើឲ្យទីតាំងនេះក្លាយជាតំបន់ទេសចរណ៍ ពិសេសជាងប្រាសាទដ៏ទៃ នៃតំបន់វង់ធំ នៃបរិវេណអង្គរ ។
តាមការស្រាវជ្រាវប្រវត្តនៃរូបចំលាក់ ទាំង៤ទិសនៃប្រាសាទ សំរាប់ជាតំណាងអោយធាតុទាំង៤ គឺ ធាតុដីតំណាងដោយ រូបចំលាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយ រូបចំលាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចំលាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់ ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤ កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណាមួយនៃ ធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤ ។
ដោយ ប៊ុន រដ្ឋា