ទណ្ឌិតជាប់ឃុំពន្ធនាគារខេត្តបន្ទាយមានជ័យមួយចំនួននឹងត្រូវបានលើកលែងទោសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ ទណ្ឌិតក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យដែលបានអប់រំកែប្រែ និងក៍សាងខ្លួនអោយក្លាយជាមនុស្សល្អដែលសង្គម ទទួលស្គាល់ត្រូវបានបើកកិច្ចប្រជុំ ពិភាក្សាមួយលើការបន្ធូរបន្ថយទោស ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈាន

ចូលមកដល់នាពេលខាងមុខ នៅសាលាខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក អ៊ុង សុផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ស្នងការរងនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
លោក អ៊ុង សុផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យនិយាយថា: ការប្រជុំនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីចូលរួមអបអរសាទរ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ហើយទណ្ឌិតដែលត្រូវលើកមកប្រជុំពិភាក្សាបន្ធូរបន្ថយនេះ មានចំនួន ២៥នាក់ ក្នុងនោះ មាន៦នាក់ត្រូវបានលើកលែងទោសបន្ធូរបន្ថយទោសរយៈពេល១២ខែចំនួន៨នាក់ បន្ធូរ បន្ថយទោសរយៈពេល៩ខែ ចំនួន១នាក់ បន្ធូរបន្ថយទោសរយៈពេល៦ខែ ចំនួន៨នាក់ សរុបជនដែលត្រូវលើកលែងនិងបន្ធូរបន្ថយទោសមានចំនួន២៣នាក់ក្នុងចំណោម២៥នាក់ ។
លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា:
ទណ្ឌិតជាប់ឃុំក្នុងពន្ធនាគារដែលបានអប់រំកែប្រែ និងក៍សាងខ្លួនអោយក្លាយជាមនុស្សល្អដែលសង្គម ទទួលស្គាល់ទាំង២៥រូបត្រូវលើកយកមកប្រជុំពិភាក្សា រាយការណ៍ជូន អភិបាលខេត្តដើម្បីស្នើរសុំលើកលែង និងបន្ធូរបន្ថយទោស ។
លោក ឈើយ ចាន់ណាថា: ទណ្ឌិតជាប់ឃុំក្នុងពន្ធនាគារមានការកើនឡើងរហូតដល់ក្នុង១បន្ទប់ មានអ្នកជាប់ឃុំដល់ទៅ២៦នាក់ ដែលធ្វើឲ្យចង្អៀត ហើយលោកក៏សូមឲ្យលោកប្រធានពន្ធនាគារធ្វើរាបាយការណ៍ ពីគម្រោង ទីតាំង និងទំហំអាគារ ដែលត្រូវសាងសង់បន្ថែម ដើម្បីលោកដាក់ជូនអភិបាលខេត្តសម្រេច និងរកជំនួយ ។
សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ធ្វើឲ្យអ្នកទោសមានការកើនឡើងជាង១ពាន់នាក់ ៕