អាជីវករផ្សារលើធំថ្មីរំពឹងថា គណៈកម្មាធិការដែលទើបបោះឆ្នោតជ្រើសរើសថ្មីនឹងជួយដោះស្រាយរាល់កង្វល់របស់ពួកគាត់បាន

0

ខេង ឧត្តម
សៀមរាប៖ ក្រុមអាជីវករបានថ្លែងបា្រប់អ្នកសារព័ត៌មាន និងមហាជន នៅក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការគ្រប់គ្រងផ្សារលើធំថ្មី នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ក្នុង

សាលាបឋមសិក្សាបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ថា គណៈកម្មការផ្សារចាស់ដែលគ្រប់គ្រងដោយលោកស៊ាន ណារ៉េន មិនបានជួយសម្រួលការលំបាក់របស់ពួកគាត់ទេ ។ ដូច្នេះពួកគាត់រំពឹងថា គណៈកម្មាធិការ ថ្មីនឹងជួយដល់ពួកគាត់។
គួរបញ្ជាក់ថា បន្ទាប់ពីមានសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងផ្សារនានាដែលជាកម្មសិទ្ធិរបស់រដ្ឋ និងបន្ទាប់ពីមានវិវាទឥតឈប់ឈរនៅក្នុងផ្សារលើធំថ្មី ហើយគណៈកម្មាធិការផ្សារដែលគ្រប់គ្រងដោយលោកស៊ានណារ៉េន មិនអាចដោះស្រាយបាននោះ សាលាខេត្តសៀមរាប និងសាលាក្រុងសៀមរាប ក៏បានរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការផ្សារឡើងវិញ។
ចំពោះគណៈកម្មាធិការថ្មីនេះ នឹងមានសមាសភាពពេញសិទ្ធិចំនួន០៩រូប និងបំរុងចំនួន០៥រូប ដែលសមាសភាពទាំងនោះគឺជ្រើសរើសដោយផ្ទាល់ពីសំណាក់អាជីវករក្នុងផ្សារលើធំថ្មី ហើយជាលទ្ធផលនោះ គឺលោកស៊ាន ណារ៉េន ដែលឈរឈ្មោះនៅក្នុងការបោះឆ្នោតនេះដែរ មិនមានប្រជាប្រិយ៍ភាពគ្រប់គ្រាន់ក្នុងការដឹកនាំគណៈកម្មាធិការនោះទេ គឺលោកមានសម្លេងនៅត្រឹមលេខរៀងទី០៣ប៉ុណ្ណោះ ។

 


អភិបាលរងខេត្តសៀមរាប លោកគឹម ឆៃហៀង ជាអ្នកដឹកនាំការបោះឆ្នោតនេះ បានមានប្រសាសន៍ថា គណៈកម្មាធិការគ្រប់គ្រងផ្សារ ដែលកើតឡើងក្រោយការបោះឆ្នោតនេះ នឹងជួយរៀបចំសោភណ្ឌភាព សណ្តាប់ធ្លាប់បានល្អ ដើម្បីសាកសមជាទីផ្សារនៅក្នុងបេក្ខភាពទីក្រុងស្អាតអាស៊ាន ៕