ខេត្តព្រះសីហនុ៖ព្រៃឈើនៅលើកោះសង្កាត់កោះរ៉ុងបាននឹងកំពុងតែរងនូវការកាប់បំផ្លាញយ៉ាងសកម្មដើម្បីយកដីស្របពេលរដ្ឋាភិបាលមានផែនការកាត់ឆ្វៀលជូនជាកម្មសិទ្ធតាមរូបមន្តស្បែកខ្លា។
មើលឃើញបញ្ហាបែបនេះ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុស្នើអោយប្រជាពលរដ្ឋគ្រប់រូបត្រូវតែបញ្ឈប់ការកាប់រានព្រៃយកដីនៅកោះរ៉ុងតទៅទៀតព្រោះមិនមានក្រុមការងារចុះមកវាស់វែងបន្តទៀតឡើយ។
ប្រសិនបើពលរដ្ឋណាមិនបញ្ឈប់ការកាប់ព្រៃនៅលើកោះនេះទេរដ្ឋបាលខេត្តនឹងចាត់វិធានការណ៏តាមផ្លូវច្បាប់។នេះបើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី០៣កុម្ភៈឆ្នាំ២០១៧នេះ។
ប្រភពច្បាស់ការអោយដឹងថាការកាប់បំផ្លាញព្រៃឈើនៅកោះរ៉ុងនេះមិនទើបតែកើតមាននៅពេលនេះទេគឺវាបានកើតឡើងតាំងពីយូរយារណាស់មកហើយ។
ប្រភពបន្តថាពីដើមគេនាំគ្នាកាប់ឈើធំៗនៅលើកោះនេះយកទៅលក់អោយគេធ្វើផ្ទះតែប៉ុណ្ណោះ។
តែឥលូវនេះគេនាំគ្នាកាប់បំផ្លាញទាំងឈើតូចឈើធំកំទេចចោលតែម្តងដើម្បីយកដីកាន់កាប់ឬយកដីលក់ព្រោះដីធ្លីនៅលើកោះរ៉ុងបច្ចុប្បន្ននេះមានហាងឆេងខ្ពស់ណាស់។
ប្រភពដដែលបញ្ជាក់ទៀតថា”អ្នកដែលទន្ទ្រានព្រៃយកដីនៅកោះរ៉ុងនេះភាគច្រើនអ្នកមានទ្រព្យមានអំណាចមកពីខេត្តក្រៅពិសេសអ្នកមកពីភ្នំពេញក៏ប៉ុន្តែអ្នកនៅក្នុងខេត្តព្រះសីហនុនេះក៏មានខ្លះៗដែរចំណែកឯអ្នករស់នៅលើកោះរ៉ុងនេះផ្ទាល់មិនសូវមានទេ។
អ្នកមានទ្រព្យនិងមានអំណាចមួយចំនួនធំទាំងនោះគេប្រើមធ្យោបាយយកលុយកាក់ជួលអ្នកក្រខ្លះអោយទៅ ស៊ីឈ្នួលកាប់ព្រៃអោយពួកគេ។
នៅពេលមានបញ្ហាគេប្រើគន្លឹះពិសេសៗជាមួយអាជ្ញាធរនិងមន្ត្រីជំនាញដែលគេស្គាល់គ្នាស្រាប់នោះដោយគ្រាន់តែហៅមកអប់រំណែនាំរួចលែងទៅវិញដោយមិនមានដាក់ទោសទណ្ឌអ្វីឡើយព្រោះយល់ឃើញថាពួកគាត់ក្រខ្សត់។
បន្តបន្ទាប់មកទៀតគេរកជួលអ្នកផ្សេងមកកាប់ព្រៃទៀតនៅពេលអាជ្ញាធរឬមន្ត្រីជំនាញដឹងឃាត់ខ្លួនហៅយកទៅអប់រំណែនាំបន្ទាប់មកលែងទៅវិញទៀត។
ទោះជាយ៉ាងណាក៏មតិភាគច្រើនសំដែងការគាំទ្រចំពោះចំណាត់ការរបស់ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុដែលបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបទប់ស្កាត់គួរកត់សំគាល់ដែរបើទោះជាមិនទាន់មានប្រសិទ្ធភាព១០០%ក្តី។
គររំលឹកថាកន្លងទៅថ្មីៗនេះមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានធ្វើការឃាត់ខ្លួអ្នកស៊ីឈ្នួលកាប់ព្រៃអោយគេបានចំនួនជិត១០នាក់ផងដែរយកអប់រំណែនាំរួចក៏លែងទៅវិញដែរក្នុងនោះដែរក៏បានដកហូតរណាយន្តចំនួន១១គ្រឿងផងដែរយកមករក្សាទុកសំរាប់បន្តនីតិវិធី៕