សត្វស្វា ព្រាហ្មណ៍ចំនួន១៦ក្បាលត្រូវបានសហគមន៍កសិករប្រើប្រាស់ទឹក នៃសង្កាត់ជ្រាវជួយសង្គ្រោះជីវិត

0

សៀមរាប៖ សហគមន៍កសិករប្រើប្រាស់ទឹក សង្កាត់ជ្រាវ ក្រុងសៀមរាប បន្ទាប់ពីជួយសង្គ្រោះ ជីវិតសត្វស្វាព្រាហ្មណ៍ ស្នើសុំ ឱ្យមន្ត្រីឧទ្យាននុរក្សបរិស្ថាន និង មន្ត្រីជលផល ប្រចាំនៅបឹងទន្លេសាប ជួយការពារជីវិតសត្វស្វាព្រាហ្មណ៍ និង សត្វជាច្រើនប្រភេទផ្សេងទៀត ឱ្យបាន

គង់វង្ស នៅក្នុងរដូវប្រាំង មុខនេះ។លោក គង់ មង្គល ប្រធានសហគមន៍កសិករប្រើប្រាស់ទឹក អាងទំនប់ជ្រាវ លោកបានមានប្រសាសន៍ នៅព្រឹកថ្ងៃពុធទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា បច្ចុប្បន្ន សហគមន៍របស់លោក កំពុងជួយសង្គ្រោះជីវិតសត្វស្វា ព្រាហ្មណ៍ចំនួន១៦ក្បាល ដែលយកចេញពីក្នុងបឹងទន្លេសាប។ លោកបញ្ជាក់ថា កាលពីខែវិច្ឆិកាឆ្នាំ២០១៦ នៅពេលដែលភ្លើងឆេះព្រៃ រនាម នៅតំបន់ព្រែកទាល់ បានធ្វើឱ្យជីវិតសត្វ ជាច្រើន ដូចជាពស់ថ្លាន់ និងសត្វស្វាព្រាហ្មណ៍ បានរងគ្រោះ ដោយភ្លើងឆេះងាប់ ហើយសត្វខ្លះទៀតក៏អត់អត់ចំណីងាប់ដែរ។
លោក គង់ មង្គល បន្តទៀតថា លោកបានចាត់ក្រុមការងារសហគមន៍ជាច្រើននាក់ ឱ្យធ្វើដំណើរ តាមទូក ដើម្បីសង្គ្រោះសត្វស្វាព្រាហ្មណ៍ ដែលអត់អាហារ និងសត្វស្វាខ្លះទៀត ដែលអ្នកនេសាទចាប់ យកទៅសម្លាប់ដើម្បីធ្វើម្ហូប។ ក្រុមការងាររបស់លោក បានជួយសង្គ្រោះសត្វស្វាព្រាហ្មណ៍ ចំនួន១៦ក្បាល និងពស់ថ្លាន់ចំនួន៦ក្បាលផងដែរ។
លោក ក្អោប រិន អនុប្រធានសហគមន៍ កសិករប្រើប្រាស់ទឹក អាងទំនប់ជ្រាវ ដែលធ្លាប់ដើរជួយសង្គ្រោះសត្វព្រៃ ឱ្យដឹងថាសត្វស្វាព្រាហ្មណ៍ចំនួន១៦ក្បាល ដែលសហគមន៍របស់លោក កំពុងតែថែទាំ សព្វថ្ងៃនេះ គឺបានជួយសង្គ្រោះពីភ្លើងឆេះព្រៃរនាមខ្លះ និងជួយសង្គ្រោះ ពីដៃអ្នកនេសាទ នៅស្រុកក្រឡាញ់ខ្លះ ដែលចាប់ពួកវា បំណងយកទៅធ្វើម្ហូប។
លោក ក្អោប រិន រំលើកថាកាលពី៣ខែមុន បន្ទាប់ពីភ្លើងបានឆេះព្រៃ រនាម នៅតំបន់ព្រែកទាល់ គឺក្រុមរបស់លោកបានបើកកាណូតតាមទន្លេ ដើម្បីជួយសត្វ ក៏ឃើញស្វាព្រាហ្មណ៍ជាច្រើនក្បាល នាំគ្នាទុំនៅលើដើមកន្សែង១ដើម ដោយមិនមានចំណីទេ គឺនាំគ្នាស៊ីសំបកដើមកន្សែងនោះ ទាល់តែអស់ ។ក្រុមរបស់លោក ក៏នាំគ្នាចាប់សត្វស្វាបានខ្លះ យកមកសង្គ្រោះ រហូតមកដល់ពេលនេះ។
លោក គឹម ឆៃហៀង អភិបាលរង ខេត្តសៀមរាប មានសាសន៍ថា កាលពីរដូវប្រាំងឆ្នាំ២០១៦ គឺពិតជាមានសត្វព្រៃជាច្រើន នៅតំបន់ទន្លេសាប រងគ្រោះ ដោយសារភ្លើងឆេះព្រៃមែន។ អាជ្ញាធរខេត្តសៀមរាប បានសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ជួយសង្គ្រោះសត្វស្វានិងសត្វខ្លះទៀតបានជាច្រើន។
លោក គឹម ឆៃហៀង ឱ្យដឹងថា ចាប់ពីសប្ដាហ៍ខាងមុខនេះ លោកនឹងរៀបចំកម្លាំងព្រមទាំងជំរុញឱ្យមន្ត្រីបរិស្ថាន ព្រមទាំងមន្ត្រីជលផល ចុះធ្វើការអប់រំដល់ប្រជាពលរដ្ឋ នៅតំបន់បឹងទន្លេសាប កុំឱ្យដុតព្រៃរនាម ជៀសវាងការប៉ះពាល់ ដល់ជីវិតសត្វព្រៃ៕ ខេង ឧត្តម