ខេត្តរតនគិរី: បទល្មើសព្រៃឈើចាប់ផ្តើមកម្រើកឡើងវិញទាំងយប់ទាំងថ្ងៃដែលឈ្មួញដឹកជញ្ជូនតាមរថយន្តម៉ាកសាំយ៉ុងមានស្លាកលេខប្លែកៗចេញពីក្រុងបានលុងទៅច្រកទ្វារព្រំដែនអន្តជាតិអូរយ៉ាដាវបានឆ្លងកាត់កុងត្រូលក្រុមសមត្ថកិច្ចជាច្រើនស្ថាប័នរួមមាន៖ នគរបាលសេដ្ឋកិច្ចខេត្ត នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្ត នគរបាលស្រុកបកែវ នគរបាលស្រុកអូរយ៉ាដាវ គយចល័ត នឹងជំនាញរដ្ឋបាលព្រៃឈើ។ ប៉ុន្តែពុំឃើញមានស្ថាប័នណាមួយចេញមកធ្វើការទប់ស្កាត់នឹងបង្ក្រាបនោះឡើយ ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ខែកុម្ភ:ឆ្នាំ២០១៧សារព័ត៌មានបានប្រទះឃើញរថយន្តសាំយ៉ុងជាង២០គ្រឿងដឹកជញ្ជូនឈើប្រណិតសម្រុកបន្តកន្ទុយគ្នាដូចហែរអង្គថិនទាន តាមដងផ្លូវជាតិលេខ៧៨ សមត្ថកិច្ចគ្រប់កុងត្រូលបើកភ្លើងខៀវឲ្យឈ្មួញដឹកជញ្ជូនឆ្លងកាត់យ៉ាងរលូននឹងអនា ធិបតេយ្យបំផុត។
តាមប្រភពពីសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ឲ្យដឹងថាឈ្មួញ ដែលសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃភាគច្រើនជាប្រពន្ធ(ប៉ះអឹម ប៉ូលិស នឹងទាហ៊ាន)ពិបាកនឹងធ្វើការបង្ក្រាប។
សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរីបានដឹកនាំប្រជុំការងារទប់ស្កាត់បទល្មើសធនធានធម្មជាតិដោយ មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ ប៉ុន្តែគេសង្កេតឃើញប្រសាសន៍របស់កងឯកភាពថ្នាក់ខេត្តពុំទាន់មានប្រសិទ្ធិភាពនៅឡើយនោះទេ។ ទើបចរាចរណ៍ដឹកជញ្ជូនបទល្មើសព្រៃឈើនៅតែបន្តសកម្មភាពរហូតមកទល់សព្វថ្ងៃ។
ដោយឡែក លោកប្រធានច្រកទ្វារព្រំដែនអន្តជាតិអូរយ៉ាដាវ អ៉ី ចំរើន កំពង់រងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ផងដែរពាក់ព័ន្ធបទល្មើសព្រៃឈើពុំមានការទប់ស្កាត់នឹងបង្ក្រាបផ្ទុយពីអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានផ្តាំផ្ញើនៅថ្ងៃកាន់តំណែងរបស់លោកប្រធានច្រក ៕ដោយ: យក្ខឡោម