បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ផែនការនិងកាលបរិច្ឆេទច្បាស់លាស់ហើយ ក្នុងការស្ថាបនាស្ពានមិត្តភាពកម្ពុជាថៃត្រង់ចំណុចអូព្រំដែនស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ការកំណត់កាលបរិច្ឆេទនៃការស្ថាបនាស្ពានក្រុមការងារបចេ្ចកទេសរវាងភាគីកម្ពុជាថៃបានបង្កើតយន្តការរួមគ្នាដោយមិនធើ្វឲ្យប៉ះពាល់ដល់អធិបតេយ្យព្រំដែនរវាងប្រទេសនិងប្រទេសនោះឡើយ ។
លោក ង៉ោ ម៉េងជ្រូនអភិបាលក្រុងប៉ោយប៉ែតតំណាងឲ្យអាជ្ញាធរខាងកម្ពុជាបានឲ្យដឹងកាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៤នេះថា៖ អាជ្ញាធរកម្ពុជានិងអាជ្ញាធរថៃបានបើកកិច្ចប្រជុំរួមគ្នាមួយនៅសាលាក្រុងប៉ោយប៉ែត ដើម្បីកំណត់ពេលវេលាស្ថាបនាស្ពាននេះឡើង ។
លោកអភិបាលបានថ្លែងទៀតថា៖កិច្ចប្រជុំរួមគ្នានោះយើងបានកំណត់កាលបរិច្ឆេទដូចតទៅ៖ ១នៅថ្ងៃទី០៦មិថុនាឆ្នាំ២០១៤នេះក្រុងការងារបច្ចេកទេសផ្លូវដែកកម្ពុជាថៃនឹងចុះមកវាស់វែងទីតាំងដើម្បីសង់ស្ពាន ២ នៅដើមខែកក្កដាឆ្នាំ២០១៤នាំគ្រឿងចក្រចូលចាប់បើកការដ្ឋាន ៣ នៅដើមខែតុលាឆ្នាំ២០១៤ត្រូវបញ្ជាក់ការដ្ឋានសង់ស្ពានមិត្តភាពនេះ ៤ភាគីថៃជាអ្នកចេញថវិការទាំងស្រុងក្នុងស្ថាបនាស្ពានខាងលើ ៥ ភាគីថៃជាអ្នកដាក់ឈ្មោះស្ពានបន្ទាប់ពីសាងសង់ត្រូវបានបញ្ចប់ ។
យ៉ាងណាក៏ដោយបើតាមការសង្កេតជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ឧសភាឆ្នាំ២០១៤ ក្រុមការងាររវាងប្រទេសទាំងពីរបានចុះមកពិនិត្យទាំងតាំងផ្ទាល់ដើម្បីកណត់ទិសដៅនៃការស្ថាបនាស្ពានដោយព្រមប្រៀងយកតាមបែបបទដ្ឋានរូបមន្តស្ពានបារាំងចាស់(គំរូដើម) ។
ចំណែកប្រជាពលរដ្ឋនៅតំបន់ជាយដែនខ្មែថៃបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងចំពោះចំណងដៃស្ពានមិត្តភាពនេះដោយពួកគេបានលើកឡើងថា៖ថ្ងៃខែឆ្នាំខាងមុខនេះបន្ទាប់ពីបានកសាងស្ពានកម្ពុជានិងថៃនឹងដំណើរការឲ្យមានរថភ្លើងរត់ឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀតជាមិនខានដូច្នេះស្ថានភាពសេដ្ឋកិច្ចរវាងប្រជាពលរដ្ឋទាំងពីរនឹងទទួលបានភាពប្រសើរជាងមុនមួយកំរិតទៀតជាក់ជាមិនខាន ។