អភិបាលខេត្តព្រះវិហារ ព្រមានចាត់វិធានការ លើមន្ត្រី​​ទាំងឡាយណា នៅពី​ក្រោយខ្នង ប្រជាពលរដ្ឋ​ក្នុងករណី​រំលោភ ដីព្រៃដែន​ជំរកព្រៃ ព្រះរការ​ធ្វើជា​កម្មសិទ្ធិ

0

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានព្រមានថា លោកនឹងអនុវត្តន៍ទៅតាមច្បាប់ ចំពោះមន្ត្រី​ទាំងឡាយណា ដែលនៅពីក្រោយខ្នង ប្រជាពលរដ្ឋក្នុងការរំលោភទន្ទ្រានយកដី ក្នុងដែនជម្រកព្រៃព្រះរការធ្វើជា​កម្មសិទ្ធិផ្ទាល់ខ្លួន។អភិបាលខេត្តព្រះវិហារ បានបញ្ជាក់បែបនេះ បន្ទាប់ពីលោកបានទទួលព័ត៌មានថា មានមន្ត្រីនៅ ពីក្រោយខ្នង ប្រជាពលរដ្ឋក្នុងការរំលោភយកដីព្រៃរក្សាទុករបស់រដ្ឋ ធ្វើជាកម្មសិទ្ធិនៅដែនព្រៃព្រះរការ។

លោក អ៊ុន ចាន់ដា បានប្រាប់ថា «យើងនឹងអនុវត្តទៅតាមច្បាប់ ដោយមិនមានការយោគយល់ឡើយ ចំពោះមន្រ្តីទាំងឡាយណា ដែលនៅពីក្រោមរឿងនេះ»។

គួរបញ្ជាក់ថា គម្របដីព្រៃ១០ភាគរយ នៅជាប់និងដែនជម្រកព្រៃព្រះរការ ដែលជាព្រៃការពាររបស់រដ្ឋ ស្ថិតនៅឃុំប្រមេ​រ​ ស្រុកត្បែងមានជ័យ ត្រូវបានគេកត់សម្គាល់ឃើញថា នៅតែមានការកាប់រុករានសង់ផ្ទះ និងកាប់ផ្តួលដើមឈើ វាទយក​ដីធ្វើជាកម្មសិទ្ធិដដែល​ ទោះបីជារដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការមួយ ស្តីពីការ​ទប់ស្កាត់ពលរដ្ឋ ដែលធ្វើសកម្មភាពទន្ទ្រានយកធ្វើកម្មសិទ្ធិ។

អាជ្ញាធរខេត្តបានរក្សាទុកដើម្បីដោះស្រាយជូន ប្រជាពលរដ្ឋតាមគោលការណ៍ដីសម្បទានសង្គមកិច្ច​ ដោយធ្វើឡើង​ចំពោះពលរដ្ឋណាដែលគ្មានដីពិតប្រាកដ។ ដូចនេះករណីដែលពលរដ្ឋនៅតែបន្តទន្ទ្រានយកដីនេះ ធ្វើជាកម្មសិទ្ធិគ្រាន់​តែជាលេសរបស់មន្ត្រីខិលខូចតែប៉ុណ្ណោះ​ មិនមែនពលរដ្ឋដែលខ្វះខាតពិតប្រាកដនោះទេ ហើយអាជ្ញាធរខេត្ត នឹង​ស្រាវជ្រាវពិនិត្យឡើងវិញ៕